Emmanuel Onyedikachi ប៉ង​ផ្ដួល Devon Morris ឱ្យ​សន្លប់​នៅ ONE Warrior Series ​ថ្ងៃ​ព្រហស្បតិ៍​នេះ​

កីឡាករ​មហាកម្លាំង​ជនជាតិនីហ្សេរីយ៉ា​រស់​នៅ​ភ្នំពេញ Emmanuel “The Biafran Warrior” Onyedikachi កំពុង​ស្ថិត​នៅ​ប្រទេស​សិង្ហបុរី និង​ត្រៀម​ខ្លួនរួច​រាល់​សម្រាប់​ការ​ប្រកួត​ថ្មី​មួយ​ទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​ខែ​កុម្ភៈ នៅ ONE Warrior Series 4 (OWS 4) របស់​លោក Rich Franklin។

កីឡាករ​​មិន​ដែល​ចាញ់​​មក​ពី​ក្លិប​សិល្បៈ​​រូបនេះ​បាន​​សាង​កេរ្តិ៍ឈ្មោះ​យ៉ាង​លឿន​រហ័ស​ជា​​អ្នក​លេង​​គុន​ចម្រុះ​មានអនាគត​ល្អ​​បំផុត​ម្នាក់​​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​និង​សង្ឃឹម​ថា​ជ័យជម្នះ​ម្ដង​ទៀត​នឹង​នាំ​រូប​គេ​ចូល​ឆាក​ពិភពលោក​របស់ ONE Championship។

កីឡាករ​វ័យ​៣២​ឆ្នាំ​នឹង​ប៉ះ​ជាមួយ​កីឡាករ​ Devon “Bam Bam” Morris របស់​​ក្លិប​ Phuket Top Team​។ ជំនួប​ក្នុង​ទម្ងន់ welterweight រវាង​​ពួ​ក​គេ​ទាំង​ពីរ​​​ជា​គូឯក​នៃ​ព្រឹត្តិការណ៍​ដែល​នឹង​នាំ​មក​នូវ​ចំណាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ថែម​ទៀត​ចំពោះ Onyedikachi​។

Emmanuel Onyedikachi បញ្ជាក់​ថា​៖ «ខ្ញុំ​គ្មាន​អារម្មណ៍​ភ័យ​ព្រួយ​អ្វីឡើយ។ ខ្ញុំ​រឹងមាំ​ទាំង​កាយ​ទាំង​ចិត្ត​។ ខ្ញុំ​មិន​ត្រូវការ​ត្រៀម​ខ្លួន​ឱ្យ​រួច​រាល់​អ្វីឡើយ ព្រោះខ្ញុំ​រួច​រាល់​ស្រាប់​ទៅ​ហើយ។ នៅ ONE Warrior Series ខ្ញុំជាកីឡាករតែម្នាក់គត់ដែលបានឈ្នះ៣ប្រកួតជាប់គ្នា។ គ្មានអ្នកណាធ្វើបានបែបនេះឡើយពីមុនមក»។

Emmanuel និយាយ​បន្ត​លាយ​ឡំ​ដោយ​សំណើច​ថា​៖ «គាត់​ដឹង​ថា​ខ្ញុំ​អាច​​វាយ​គាត់​សន្លប់ ប៉ុន្តែ​គាត់​បានប្រាប់​​ខ្ញុំ​កុំ​ឱ្យ​វាយ​គាត់​សន្លប់​លឿន​ពេក​។ វា​នឹងជា​ការ​ប្រកួត​ដ៏​ជក់​ចិត្ត​មួយ​។ វា​នឹង​ល្អមើល​»។


Chan Rothana Emmanuel Onyedikachi Khmer Komlang Kun Khmer ONE Warrior Series


ទាំង Morris និង Onyedikachi បាន​សាង​កេរ្តិ៍ឈ្មោះ​ជា​អ្នក​ប្រយុទ្ធ​ដ៏​សាហាវ​​តាម​រយៈ​កម្លាំង​ដ៏​មហិមា​របស់​ពួក​គេ​​ក្នុងការ​ផ្ដួល​គូ​ប្រកួត​។ អ្នក​ទាំង​ពីរ​មាន​ស្ថិតិ​ប្រកួត​សរុប​បញ្ចូល​គ្នា​ចំនួន​១០​ប្រកួត​។

ការ​ឡើង​ប្រកួត​ដ៏​ទាក់ទាញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​​សប្ដាហ៍​នេះ​អាច​រុញ​ច្រាន​​នរណា​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​ចូល​ក្នុង​លីគ​ធំ​។ ប៉ុន្តែ​ទោះ​បី​គេ​អាច​ទទួ​ល​បាន​ភាព​ល្បីល្បាញ​ក៏​ដោយ ក៏​កីឡាករ​រហស្សនាម “The Biafran Warrior” នៅ​តែ​ឆ្លៀត​យកពេល​ថ្លែង​អំណរគុណ​ដល់​អ្នក​ដែល​បាន​ជួយ​ជ្រោមជ្រែង​គេ​ឱ្យ​មានថ្ងៃ​នេះ​។

«ខ្ញុំ​ចង់​បង្ហាញ​​ការ​ដឹងគុណ​ដល់​គ្រប់​គ្នា​ដែល​បាន​រួម​ចំណែក​ជួយ​ខ្ញុំ​ឱ្យ​មានថ្ងៃនេះ ហើយ​ខ្ញុំ​មិន​ភ្លេច​​លើក​ឈ្មោះ​លោក​គ្រូ ហ៊ុន ចាន់រាជ្យ ដែលជា​អ្នក​ដឹកនាំ​ក្លិប Cambodian Top Team ឡើយ។ គាត់​ជា​អ្នក​ដែល​បាន​នាំ​ខ្ញុំ​មក ONE Warrior Series​។ ខ្ញុំ​មាន​អ្វី​ដែល​ខ្ញុំ​មាន​បច្ចុប្បន្ននេះ​គឺ​ដោយសារ​គាត់ ខ្ញុំ​នៅ​ជំពាក់​គុណ​គាត់​ច្រើន​ណាស់​»។

Emmanuel ដែល​ទើប​រៀបការ​ថ្មីថ្មោង​និង​រំពឹង​ទទួល​បាន​ចំណង​ដៃ​កូន​ដំបូង​ឆាប់​ៗ​នេះ សារភាព​ថា​​គ្រប់​យ៉ាង​កំពុង​កើត​ឡើង​លឿន​មែនទែន​ចំពោះគេ​។

ទោះ​យ៉ាង​ណា​ក៏​ដោយ Onyedikachi មានអារម្មណ៍​ថា​វា​កាន់តែ​ជួយ​បង្កើន​ថាមពល​ដល់​រូបគេ​ហើយ​ថា​គេ​នឹង​ប្រើ​ថាមពល​នេះ​ដើម្បី​ទទួល​ជ័យជម្នះ​ដ៏​កក្រើក​ម្ដងទៀត ដើម្បី​ទទួល​បាន​កៅអី​ស្ថិត​ក្នុង​ចំណោម​អ្នក​លេង​ក្បាច់​គុន​ឆ្នើម​ៗ​បំផុត​ក្នុងពិភពលោក​។

«ពួក​យើង​ចង់​ផ្ដួល​គេ​ឱ្យ​សន្លប់​។ ខ្ញុំ​ចង់​ឈ្នះ​ដោយ​ផ្ដួល​ដៃគូ​សន្លប់​យ៉ាង​ហោច​២​ដងក្នុង​អាជីព​របស់​ខ្ញុំ​នៅ ONE Warrior Series មុនពេល​ខ្ញុំ​ឈាន​ចូល ONE Championship»។

«ខ្ញុំ​មានទំនុក​ចិត្ត​ថា​ខ្ញុំ​នឹង​ស្ថិត​ក្នុង​ចំណោម​​អត្តពលិក​លំដាប់​កំពូល​ហើយ​នាំ​ទង់ជាតិ​កម្ពុជា​មក​កាន់​កម្រិត​កំពូល​ជា​ថ្មី»៕

អត្ថបទ៖ Matias Andres

Leave a Reply