តោះ! តាមដានព្រឹត្តិការណ៍ ONE: CALL TO GREATNESS ថ្ងៃសុក្រ!

ថ្ងៃសុក្រ ទី២២ ខែកុម្ភៈ​ ONE Championship នឹងអង្រួនបេះដូងទស្សនិកជនម្តងទៀតហើយ តាម​រយៈ​ការ​រៀបចំព្រឹត្តិការណ៍ប្រដាល់យក្សនៅឯប្រទេសសិង្ហបុរី និងមានការបង្ហាញក្បាច់គុនរបស់កីឡាករឆ្នើមៗទូទាំងសាកលលោក​ក្នុង​ការ​ប្រកួត ក្នុងនោះក៏មាន​កីឡាករ​កម្ពុជាពីររូបផងដែរ។

ព្រឹត្តិការណ៍ ONE: CALL TO GREATNESS នឹងនាំមកនូវការប្រកួតក្បាច់គុនច្រើនប្រភេទដូចជា គុនខ្មែរ គុនមួយថៃ គុនចម្រុះ និង Kickboxing ​ជា​ចំណី​ចក្ខុបងប្អូនជនរួមជាតិឲ្យដិតជាប់ក្នុងចិត្ត​ជា​មិនខាន។

ខាងក្រោមនេះជាហេតុផលសំខាន់៣យ៉ាងដែលយើងគួរតាមដានកម្មវិធី៖

១. ខុន ស៊ីចាន់ បង្ហាញមុខម្តងទៀត

ជើងឯកក្នុងកម្មវិធី Khmer Warrior Challenge (KWC) ប្រភេទទម្ងន់ ៥៦.៧គក  ខុន ស៊ីចាន់ បានបាត់មុខមាត់ពីទ្រុងយក្ស ONE អស់មួយរយៈធំ តាំងពី​ពេលប្រកួតចុងក្រោយជាមួយភាគីឥណ្ឌូនេស៊ី Riski Umar ដែលកាលនោះ ស៊ីចាន់ ឈ្នះដោយពិន្ទុលើគូប្រកួតមួយនេះ។

កីឡាករតំណាងក្លិប «Phnom Penh MMA» ពេលនេះកំពុងបង្កើនការហ្វឹកហាត់ខ្លាំងទៅលើក្បាច់ចាប់ក្លេ ដើម្បី​បញ្ចេញថ្វីដៃនៅក្នុងទ្រុងអន្តរជាតិ ឲ្យគេស្គាល់ថាខ្លួនពិតជាមានសមត្ថភាពឡើងមួយកំរិតទៀតមែន។

Rudy Agustian ដែល​ជាគូប្រកួតជំនាញខ្លាំងខាង MMA ម្នាក់ នឹងធ្វើការសាកល្បងទឹកដៃរបស់ ស៊ីចាន់ នៅក្នុងការប្រកួតនោះម្តង។ ប្រសិន ស៊ីចាន់ យក​ឈ្នះកីឡាករ​ឥណ្ឌូនេស៊ីរូបនេះបាន នោះ​ច្បាស់ហើយថាក្បាច់គុនរបស់គេ​ពិតជាឈានដល់កម្រិតខ្ពស់ក្នុងឆាកអន្តរជាតិប្រចាំឆ្នាំ២០១៩ពិតមែន។

គ្រូបង្វឹករបស់ ស៊ីចាន់ បង្ហើបថា៖ «យើងរីករាយនឹងការហាត់ត្រៀមណាស់។ ស៊ីចាន់ គាត់យកចិត្តទុកដាក់ខ្លាំង ហើយឃ្លានចង់ឈ្នះមែនទែន»។

«ចាំមើល Rudy គេប្រើក្បាច់អីមកតទល់ជាមួយ ស៊ីចាន់។ ស៊ីចាន់ ធ្លាប់វាយគុនខ្មែរជាង១៥០ប្រកួត រីឯ Rudy វិញមិនបានច្រើន​ទេ​»។

«ស៊ីចាន់ នឹងដាក់មួយទំហឹងៗ កាប់កែងចំៗដូចកាលគាត់លេងជាមួយ Riski Umar លើកមុនអីចឹង តែ​ខុស​ត្រង់លើកនេះ​គេ​នឹងប្រើក្លេ​ល្អជាងមុន»។

២. គង់ សំបូរ សមាជិកថ្មីក្នុងវគ្គ ONE Super Series

គង់ សំបូរ មានទីលំនៅ​នៅ​ខេត្តសៀមរាប មានឈ្មោះចូលប្រកួតនៅសង្វៀនយក្ស ONE Championship បានសម្រេច។

កីឡាករវ័យ ២៣ឆ្នាំ សំបូរ ក្លាយជាសមាជិកថ្មីម្នាក់នៅក្នុងស្ថាប័នប្រដាល់អន្តរជាតិ ដោយសារគេមានមហិច្ចតាចង់បង្ហាញអន្តរជាតិថាក្បាច់គុនខ្មែរនៅតែខ្លាំង។ សំបូរ ត្រូវបាន​ផ្គូរផ្គងឲ្យប៉ះជាមួយជើងខ្លាំងជនជាតិចិន Zhang Chenglong ក្នុងតារាងគូសំខាន់នៃព្រឹត្តិការណ៍ទាំងមូល។

សំបូរ នឹងប្រកួតតំណាងឲ្យក្លិប«អាណាចក្រប្រយុទ្ធ (KFG)» ហើយគេ​មានឆន្ទៈមោះមុតថានឹងបញ្ចេញឲ្យអស់មួយទំហឹង ដូចអ្វីដែលគេនិងក្រុមទាំងមូលបានត្រៀមទុក។

ចំណែក​ម្ចាស់​ក្លិប KFG លោក Kwok Leung Tsang ប្រាប់ថា៖ «យើងធ្វើយ៉ាងម៉េចដាក់បញ្ចូលស្នៀតច្រើនខុសៗគ្នា ស៊ីសងមួយណាប្រើការជាមួយកីឡាករយើងបាន។ និយាយទៅ កីឡាករម្នាក់ៗមានស្នៀតរៀងខ្លួន ប៉ុន្តែសរុបទៅ យើងចង់បង្កើនភាពរហ័ស ដោយលាយជាមួយតិចនិកគុនខ្មែរ»។

«យើងត្រៀមវាយឲ្យកក្រើកឆាកតែម្តង!»។

៣. ការប្រកួតជើងឯកខ្សែក្រវាត់ក្បាច់មួយថៃក្នុងប្រវត្តិសាស្រ្ត

Stamp Fairtex ជាវីរនារីខាងក្បាច់គុនរបស់ថៃ ជាជើងឯកម្ចាស់ខ្សែក្រវាត់ពិភពលោក ONE Atomweight Kickboxing World Champion។ នាងនឹងសាងប្រវត្តិសាស្រ្តក្នុងស្ថាប័ន ONE Championship ដោយធ្វើការប្រកួតដណ្តើមខ្សែក្រវាត់បន្ថែម១ទៀត ពីជើងឯកពិភពលោកជនជាតិអាមេរិក Janet “JT” Todd នៅកម្មវិធីពិសេសរបស់ព្រឹត្តិការណ៍នាល្ងាចថ្ងៃសុក្រនេះ។

Stamp បច្ចុប្បន្នគឺជាម្ចាស់ខ្សែក្រវាត់មួយស្រាប់ហើយ ប្រសិននាងអាចយកឈ្នះជើងខ្លាំងអាមេរិកក្នុងការប្រកួតក្បាច់មួយថៃបាន នោះនាងនឹងក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោកដល់ទៅពីរគឺខាងក្បាច់ Kickboxing និងក្បាច់គុនមួយថៃ។

គួរសំគាល់ផងដែរថា គ្មាននរណាម្នាក់អាចយកតំណែងខ្សែក្រវាត់២ ពីក្នុងសង្វៀនយក្ស ONE Championship បាននៅឡើយទេ ដូច្នេះបើសិននាងពិតជាធ្វើបានមែន រាត្រីនោះនឹងក្លាយជាប្រវត្តិសាស្រ្តធំមួយរបស់ស្ថាបន័ប្រដាល់លំដាប់ពិភពលោក ONE ជាក់ជាមិនខាន។

 

អត្ថបទ៖ Matias Andres

 

Leave a Reply