ឡៅ ចិត្រា កោតសរសើរ Superlek ក្រោយចាញ់ប្រកួតនៅ ONE Championship

តារាគុនខ្មែរវ័យ ១៩ឆ្នាំ ឡៅ ចិត្រា បានចូលរួមការប្រកួត ONE Championship កន្លងទៅថ្មីៗនេះ ប៉ុន្តែត្រូវប៉ះចំអ្នកលេងក្បាច់គុនមួយថៃខ្លាំងជាងគេម្នាក់លំដាប់ពិភពលោកនៅក្នុងព្រឹត្តិការណ៍ ONE: CLASH OF LEGENDS កាលពីថ្ងៃសោរ៍ ទី១៦ ខែកុម្ភះ។

ថ្វីបើត្រូវដើរចូលការប្រកួតនៅក្នុងសម្រុកខ្លាឯទីក្រុងបាងកក ប្រទេសថៃក៏ពិតមែន ចិត្រា បានខំរក្សាអារម្មណ៍ស្ងប់ល្អពេលបង្ហាញខ្លួនមកលើឆាកកម្មវិធី ONE Super Series Muay Thai នារាត្រីនោះ។

ខណៈពេលជួងបន្លឺឡើងភ្លាម Superlek ស្ទុះចូលទៅរក ចិត្រា ពេញទំហឹងតែម្តង គាត់កាប់ជើងក្រោមផង ចូលដៃលើផង មើលទៅគួរឲ្យខ្លាច ហើយគួរឲ្យស្ញប់ស្ញែងជាមួយគ្នា គាត់ពិតជាសាកសមជាកីឡាករពានរង្វាន់ចំនួនពីរដងប្រចាំ Lumpinee Stadium Muay Thai World Champion ប្រាកដមែន។

ភាគីថៃបន្តវាយបណ្តាក់លើចិត្រា ឥតឈប់ឈរជាមួយការប្រើជើងកាប់ធ្ងន់ៗ និងដាល់ចំៗកណ្តាលមុខ ទោះយ៉ាងនោះក្តី ខាងភាគីកម្ពុជានៅតែអាចតស៊ូបានលួចចេញដៃ និងកាប់កែងបានបន្តិចដែរ។

ក្រោយពីការប្រកួតនោះហើយ កីឡាករកម្ពុជាទទួលស្គាល់ថា Superlek ពិតជាខ្លាំងគួរឲ្យញរញើតណាស់។ តែគួរឲ្យសរសើរ ចិត្រា ផងដែរ ដែលអាចទ្រាំតទល់បានទៅដល់បីទឹកជាមួយជើងឯកកំរិតពិភពលោកម្នាក់។

ចិត្រា រៀបរាប់៖ «មុននឹងការប្រកួតចាប់ផ្តើម ខ្ញុំគិតថាខ្ញុំនឹងធ្វើឲ្យល្អ ហើយកម្លាំងខ្ញុំមាន អីផ្សេងក៏មានអស់ហើយ។ ប៉ុន្តែដូចចាញ់ក្បាច់គេតែម្តង គាត់រហ័សល្អណាស់!»

ចូលដល់ទឹកទី៣ ចិត្រា ចាប់ផ្តើមប្រឹងខ្លាំងអស់ពីខ្លួនរិះរកវិធីចូលវាយប្រហារ ដើម្បីធ្វើយ៉ាងណាយកជ័យជម្នះមកមាតុភូមិឲ្យបាន ប៉ុន្តែដោយភាពរហ័សរហួនខ្លាំង និងការសម្រុកក៏កាចសាហាវរបស់គូប្រយុទ្ធថៃ ធ្វើឲ្យសភាពខ្លួនប្រាណគាត់ទទួលរងភាពឈឺចាប់ខ្លាំងពេលប្រកួត។

«ដៃខ្ញុំឈឺ និយាយទៅគេទាត់ធ្ងន់ ទាត់ទៅឡកដល់មុខតែហ្មង។ ក្នុងចិត្តគិតថាទ្រាំ ហើយចង់ចូលវាយគេឲ្យសន្លប់ តែធ្វើទៅអត់បាន»

បន្ទាប់ពីការប្រកួតកម្មវិធី ONE Championship Super Series បានបញ្ចប់ ចិត្រា ឃើញថាមានស្មារតីល្អ ដោយសារត្រូវបានគេសរសើរពីសមត្ថភាពគាត់ច្រើន ព្រោះថាគាត់អាចទ្រាំទ្រទប់ទល់ជាមួយ Superlek បានដល់ចប់ទឹក។

ចិត្រា ដែលជាកីឡាករតំណាងក្លឹប Cambodian Top Team ទោះត្រូវចាញ់ដោយពិន្ទុក្រោមដៃ Superlek ក្តី ក៏គាត់នៅតែគោរពស្ញប់ស្ញែងភាគីថៃនេះផងដែរ។

«លើកទីមួយហើយ ដែលប៉ះគេល្អអីចឹង!» ចិត្រា និយាយបញ្ចប់ ហើយធ្វើការថ្លែងអំណរគុណដល់អ្នកគាំទ្រនៅកម្ពុជាទាំងអស់ដែលបានស្រលាញ់ និងលើកទឹកចិត្តគាត់អំឡុងពេលត្រៀម ក៏ដូចជាក្រោយការការប្រកួតក្នុងស្ថាប័នធំជាងគេលើពិភពលោកនេះ។

Leave a Reply