នៅ ស្រីពៅ និង ឡៅ ចិត្រា បានឃើញមុខគូប្រកួតរៀងខ្លួនហើយ!

ថ្ងៃសៅរ៍ ទី១៦ ខែកុម្ភះ ក្នុងព្រឹត្តិការណ៍ ONE: CLASH OF LEGENDS នឹងបង្ហាញមុខជើងខ្លាំងទូទាំងពិភពលោកចំនួន ១២គូ ក្នុងនោះមាន ២គូតំណាងឲ្យកម្ពុជា។

ឡៅ ចិត្រា ជើងឯកប្រដាល់ប្រចាំទូរទស្សន៍បាយ័ន និងជាកីឡាករចំណូលថ្មីនៅ ONE Championship ត្រូវប្រកួតតទល់ជាមួួយ Superlek ជើងឯក Muay Thai World Champion នៅប្រទេសថៃ។ មួយគូនេះនឹងប្រកួតវគ្គ ONE Super Series ប្រភេទទម្ងន់ ៦២គក។

នៅក្នុងកម្មវិធីសន្និសិតកាសែតម្សិលមិញ ដែលធ្វើនៅសណ្ឋាគារ W ទីក្រុងបាងកក ចិត្រា បានបង្ហាញខ្លួន និងបានឈរទល់មុខគ្នាជាមួយ Superlek ។

Superlek បច្ចុប្បន្នជាកីឡាករល្បីល្បាញ ដែលត្រូវបានជនរួមជាតិគេចាត់ទុកដូចជានិមិត្តរូបខាងក្បាច់គុនមួយថៃម្នាក់អីចឹង តែយ៉ាងណាគាត់ប្រាប់ថាគាត់ត្រូវតែប្រយ័ត្នបន្តិចពីជំនាញប្រដាល់របស់ ចិត្រា ព្រោះមិនអាចមើលស្រាលបានទេ។

Superlek និយាយពី ចិត្រាថា៖ «គាត់ជាកីឡាករល្អម្នាក់ ប៉ុន្តែខ្ញុំមានបទពិសោធន៍ច្រើនជាង។ ខ្ញុំដឹងថាគាត់ប្រើកែងល្អ ហើយទាត់ជើងឆ្វេងខ្លាំងទៀត អីចឹងខ្ញុំត្រូវប្រយ័ត្នត្រង់នោះបន្តិច ក្រៅពីនេះចាំស្ទាបស្ទង់មើលពេលវាយលើសង្វៀន»។

រីឯ នៅ ស្រីពៅ ដែលជាជើងឯងពានរង្វាន់ជាប់ឈ្មោះ អ្នកប្រដាល់នារីប្រចាំឆ្នាំ របស់កម្មវិធីប្រដាល់ក្បាច់គុនភូមា Lethwei ក៏បានបង្ហាញខ្លួនពីមុខអ្នកសារពត៌មានមកពីច្រើនប្រទេស ហើយក៏បានជួបមុខគ្នាផ្ទាល់ជាមួួយតារាប្រដាល់ស្រីរបស់ថៃ Rika “Tinydoll” Ishige ផងដែរ។

នាងរៀបរាប់ពីអារម្មណ៍ថា៖ «អត់ភ័យទេ តែរំភើបខ្លាំងពេក! ឃើញអាដលស្អាតណាស់! តែសំខាន់ឥឡូវធ្វើម៉េចឲ្យឈ្នះសិន»។

ស្រីពៅ និង Rika ត្រូវប្រកួតក្នុងតារាងជាគូបថម ប្រដាល់គុនចម្រុះប្រភេទទម្ងន់ ៤៧គក។

ដោយមានកីឡាករ ឡៅ ចិត្រា និងនៅ ស្រីពៅ ប្រកួតនៅទីក្រុងបាងកកលើកនេះ អាចនិយាយបានថាព្រះរាណាចក្រកម្ពុជាធ្វើឲ្យមានការចាប់អារម្មណ៍ច្រើនពីសង្វៀនធំ ONE Championship ក៏ដូចជាពីឆាកពិភពគុនទូទៅផងដែរ។

ម្ចាស់ក្លឹប Cambodian Top Team លោក ហ៊ុន ចាន់រាជ ក៏បានធ្វើដំណើរទៅទីក្រុងបាងកក ដើម្បីជួយនិងលើកទឹកចិត្តដល់កីឡាកររបស់ខ្លួនផងដែរ ហើយល្ងាចម្សិលមិញគាត់មានវត្តមាននៅសន្និសិតកាសែតដូចគ្នា។

ចាន់រាជ ពោលថា៖«សន្និសិទកាសែតម្សិលមិញល្អណាស់ ហើយស្រីពៅ រំភើបអស់ទាស់។ លើកទីមួួយហើយដែលនាងមានអារម្មណ៍ខ្លួននាងសំខាន់ខ្លាំង ហើយមានគេទទួលស្គាល់ពិតប្រាកដ!»

នៅសល់តែ២ ថ្ងៃទៀតទេ  ចាន់រាជ ជាមួយកីឡាករកម្ពុជាទាំងពីររូប ទន្ទឹងរង់ចាំថ្ងៃប្រកួតឆាប់ៗពីមុខព្រឹត្តិការណ៍ ONE: CLASH OF LEGENDS នេះ។

ចាន់រាជ បន្ថែម៖ «ទាំងស្រីពៅ និងចិត្រា ពួកគាត់រំភើបរីករាយខ្លាំងណាង់បានប្រកួតនៅONE Championship! វាជាការប្រកួតដ៏អស្ចារ្យ ដែលយើងមិនធ្លាប់មានពីមុនឡើយ»

 

អត្ថបទ៖ Matias Andres

 

Leave a Reply