មួយរយៈក្រោយនេះ អ្នកលេងគុនខ្មែរ ឡៅ ចិត្រា បានសម្រុកហ្វឹកហាត់ខ្លាំងក្លាដើម្បីត្រៀមខ្លួនប្រកួតនៅសង្វៀនធំ ONE Championship Super Series ថ្ងៃទី១៦ ខែកុម្ភះ នៅទីក្រុងបាងកក។
តែសំណាងមិនល្អ ពេលកំពុងជិះម៉ូតូឆ្ពោះទៅប៉ុស្តិ៍បាយ័នកាលពីរសៀលថ្ងៃអាទិត្យ ចិត្រា បានជួបគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ធ្វើឲ្យមានការភ្ញាក់ផ្អើលពេញផ្ទៃប្រទេស។
ចិត្រា រៀបរាប់ពីដំណើររឿងថា៖ «ពេលនោះខ្ញុំកំពុងជិះម៉ូតូនៅលើផ្លូវវេងស្រេង ក៏មានមូតូមួយជិះជៀសឡានហើយមកបុកខ្ញុំតែម្តង»។
បើមើលតាមរូបភាពប៉ុន្មានសន្លឹកដែលបង្ហាញពីរបួស ស្នាមរលាត់ស្បែក ពេលគាត់ដួលម៉ូតូ ហើយភ្លាមៗ ឃើញថាមានបណ្តាញពត៌មាន និងបណ្តាញសង្គមជាច្រើនបានយកទៅចែករំលែកសុះសាយ ប៉ុន្តែតាមសម្តីរបស់ ចិត្រា វិញប្រាប់ឲ្យដឹងថាវាមិនមានអ្វីធ្ងន់ធ្ងរដូចអ្វីដែលគេនិយាយទេ។
គាត់បញ្ជាក់ម្តងហើយម្តងទៀតថា៖ «ខ្ញុំអត់អីទេ! គ្រាន់តែមានរបួស រលាត់សើរស្បែកប៉ុណ្ណោះ គ្រាន់តែលៀងរបួសបន្តិចទៅអស់អីហើយ។ ខ្ញុំទៅហាត់ធម្មតា ព្រោះរបួសវាអត់មានអីធ្ងន់ធ្ងរផង!»។
គួរបញ្ជាក់ផងដែរថា ចិត្រា ត្រូវប្រកួតប៉ះជើងខ្លាំងក្នុងកម្មវិធី ONE Super Series នៅទីក្រុងបាងកក ដែលមិនមែនជាគូប្រកួតងាយផ្តួលបានឡើយ។
គូប្រកួតលើកនេះគឺ Superlek Kiatmoo9 ដែលប្រជាជនថៃភាគច្រើនចាត់ទុកដូចវីរបុរសអីចឹង ដោយសារគាត់មានប្រវត្តិជាជើងឯកខ្សែក្រវាត់ Lumpinee Stadium World Champion ចំនួន ២ដងរួចមកហើយ។
សម្រាប់ ចិត្រា វិញទោះដឹងថាគូប្រកួតខ្លាំងដូចនេះក្តី ក៏នៅតែខំរក្សាស្មារតី និងជម្រុញចិត្តខ្លួនឯងមិនឲ្យបារម្ភច្រើនពេកពីគូប្រកួតនេះឡើយ គឺដឹងតែថាត្រូវខំហ្វឹកហាត់ខ្លួនឯងឲ្យខ្លាំងជាងមុនធ្វេរដងដើម្បីយកមោទនភាពជាតិឲ្យកម្ពុជា។
គាត់ធានាប្រាប់ដល់ជនរួមជាតិថា គាត់នៅតែអាចទៅប្រកួតតំណាងកម្ពុជាលើសង្វៀនអន្តរជាតិនៅការប្រកួតទីក្រុងបាងកកបាន។
«វាអត់ប៉ះពាល់ការហ្វឹកហាត់ខ្ញុំអីទេ! ខ្ញុំសូមប្រាប់ទៅបងប្អូន (អ្នកគាំទ្រ) ថាខ្ញុំអត់អីទេ កុំបារម្ភ ខ្ញុំនៅតែទៅប្រកួតនៅថ្ងៃទី១៦ បានហ្នឹង!»។
អត្ថបទ៖ Matias Andres