ផ្លូវការហើយ! រិន សារត្ន័ ត្រៀមចេញប្រកួតនៅភូមាព្រឹត្តិការណ៍ ONE: REIGN OF VALOR

អ្នកប្រដាល់គុនចម្រុះចាស់ជំនាន់ រិន សារត្ន័ ត្រូវបានគេកក់ប្រកួតជាលើកដំបូងសម្រាប់ដើមឆ្នាំ ២០១៩នេះហើយ។

ONE Championship ទើបបានប្រកាសជាសាធារណៈថា រិន សារត្ន័ នឹងត្រូវផ្គូផ្គងជាមួយកីឡាករថ្មីថ្មោង Tial Thang ក្នុងទ្រុងសង្វៀនធំនៅទីក្រុងយ៉ាងហ្គូន ប្រទេសភូមាសម្រាប់ប្រកួតថ្ងៃសុក្រ ទី០៨ មីនាឆាប់ៗ។

កីឡាករប្រដាល់ក្នុងទ្រុងវ័យ ២៥ឆ្នាំរូបនេះ ធ្លាប់បានលេចលឺថាថ្មីៗនេះ ពុះកញ្រ្ជោលចង់ឆាប់បានប្រកួតនៅសង្វៀនពិភពលោកឲ្យកាន់តែឆាប់កាន់តែល្អ ពីព្រោះចង់បង្ហាញស្នៀតថ្មីៗដែលខ្លួនបានសម្ងំហាត់ទុកជាយូរមកហើយ ជាមួយគ្រូបង្វឹកថ្មីម្នាក់នៅក្លឹប Cambodian Top Team ទីក្រុងភ្នំពេញ។

សារត្ន័ បង្ហើបប្រាប់ពីភាពរីកចម្រើនរបស់ខ្លួនថា៖ «ខ្ញុំមើលឃើញខ្លួនឯងថាខុសពីមុនត្រង់ហ៊ានចូលចាប់ជាងមុន។ ខាងក្បាច់វាយ និងក្បាច់ការពារខ្លួនទូទៅ ក៏លឿនជាង និងល្អជាងមុនឆ្ងាយ។ ខ្ញុំត្រៀមបញ្ចេញសមត្ថភាពរួចហើយ»។

ការដាក់ផ្គូផ្គងឲ្យប៉ះជាមួយកីឡាករកើតនៅភូមាម្តងនេះ មិនមែនជាគូប្រយុទ្ធអន់នោះទេ ដោយដឹងថា Tial Thang ជាកីឡាករថ្មីថ្មោងមែន ប៉ុន្តែខាងក្រោយខ្នងមាននិមិត្តរូបល្បីរបស់ភូមា Aung La N Sang សរសើរមិនដាច់ពីមាត់ពីសមត្ថភាពខ្លាំងរបស់សិស្សប្អូនរូបនេះ ហើយថាអនាគតនឹងក្លាយជាតារាប្រដាល់ល្បីកក្រើកពិភពលោកមួយរូបដែរមិនខាន។

Aung La N Sang រំលើកសរសើរ Tial Thang ថា៖ «ចាំតែមើលពីសមត្ថភាពគាត់ពេលប្រកួតទៅ អ្នកនឹងឃើញថាគាត់ល្អប៉ុណ្ណាហើយ! ខ្ញុំមានមោទនភាពណាស់ចំពោះជោគជ័យរបស់គាត់ដល់សព្វថ្ងៃ ហើយខ្ញុំប្រាកដណាស់ថាថ្ងៃណាមួយគាត់នឹងក្លាយជាជើងឯកពិភពលោកម្នាក់បើគាត់បន្តប្រឹងប្រែង»។

រិន សារត្ន័ និង Tial Thang នឹងជួបគ្នាក្នុងការប្រកួតប្រភេទទម្ងន់ ៦៨គក នៅព្រឹត្តិការណ៍ ONE: REIGN OF VALOR អាចនិយាយថាវាជាឱកាសល្អបំផុតមួយសម្រាប់ភាគីខាងកម្ពុជាអាចកសាងកេរ្តិ៍ឈ្មោះធំមួយសម្រាប់ថ្ងៃខាងមុខទៀត។

លោក ហ៊ុន ចាន់រាជ ម្ចាស់ក្លឹប CTT និយាយថា៖ «យើងមានអារម្មណ៍ថា រិន សារ័ត្ន ជាអ្នកប្រដាល់ខុសពីមុន។  ថ្វីបើមិនទាន់បានប្រកួតផង Tial Thang គាត់មានឈ្មោះក្នុងអាជីពប្រដាល់ល្អស្រាប់ទៅហើយ! នេះមិនទាន់និយាយពីការគាំទ្រពេញទំហឹងរបស់ Aung La N Sang ចំពោះគាត់ផង។ អីចឹងប្រកួតជាមួយម្ចាស់ផ្ទះភូមានេះ ដូចបានប្រកួតជាមួយ Aung La N Sang ផ្ទាល់អីចឹង!»។

«ប្រាកដជាមានកិត្តិយសណាស់ដែលបានប្រកួតជាមួយអនាគតជើងខ្លាំងប្រចាំភូមា»។

រីឯ សារត្ន័ វិញធ្លាប់ជាអតីតជើងឯក KWC 3 Featherweight Tournament Finalist មានប្រវត្តិប្រកួតគុនខ្មែរជាច្រើនហូហែរក្នុងឆាកប្រដាល់ពាសពេញព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែសព្វថ្ងៃកំពុងផ្តោតហ្វឹកហាត់ខាងក្បាច់គុនចម្រុះខ្លាំងជាង។

សារត្ន័ មានប្រជាប្រិយភាពខ្ពស់ក្នុងផ្ទៃប្រទេសម្នាក់ដែរ ដូច្នេះទាំងខ្លួនគាត់ផ្ទាល់ និងក្រុមទាំងមូលទន្ទឹងរង់ចាំការវិលត្រលប់ចូលក្នុងទ្រុងអន្តរជាតិម្តងទៀតរបស់គាត់ណាស់។

«សព្វថ្ងៃគាត់ចាប់យកគុនចម្រុះស៊ប់ជាងមុន គាត់មកហាត់រាល់ថ្ងៃ និងមានរបៀបរបបហាត់ត្រឹមត្រូវ។ ទាំងខាងស្នៀត ទាំងកម្លាំង គាត់ខ្លាំងជាងមុខច្រើន!»

«នេះជា រិន សារត្ន័ ២.0»!

 

អត្ថបទ៖ Matias Andres

Leave a Reply