វី ស្រីខួច ជឿថា នៅ ស្រីពៅ អាចឈ្នះការប្រកួតសង្វៀន ONE Championship

ថ្ងៃសៅរ៍ ទី ១៦ ខែកុម្ភះនេះនឹងមានវត្តមានសង្វៀនអន្តរជាតិ ONE Championship ធ្វើនៅទីក្រុងបាងកក ប្រទេសថៃ ដែលនឹងនាំយកកីឡាករនាំមុខគេទូទាំងពិភពលោកមកប្រកួតក្នុងទ្រុងONE: CLASH OF LEGENDS

ថ្វីបើការប្រកួតដ៏ធំនេះ ប្រារព្ធនៅទឹកដីប្រទេសថៃមែន ប៉ុន្តែក្នុងនោះក៏មានតារាប្រដាល់ចំនួនពីររូបរបស់កម្ពុជាធ្វើដំណើរទៅបង្ហាញមុខមាត់កម្ពុជាផងដែរ។

កីឡាករតំណាងក្លឹប Cambodian Top Team នៅ ស្រីពៅ និង ឡៅ ចិត្រា និងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងសង្វៀនដ៏ធំលំដាប់ពិភពលោកនេះ។

ក្នុងវ័យ ២៤ឆ្នាំ ស្រីពៅ ដែលជាជើងឯកខ្សែក្រវាត់ Kun Khmer World Champion ត្រូវបានគេផ្គូផ្គងឲ្យប៉ះជាមួយតារាប្រដាល់ស្រីដ៏មានប្រជាប្រិយនាង Rika Ishige ក្នុងការប្រកួតគុនចម្រុះប្រភេទទម្ងន់ ៥២គក។ ប្រសិនបើ ស្រីពៅ ពិតជាមានសមត្ថភាពយកឈ្នះជើងខ្លាំងថៃរូបនេះបាន នោះអាជីពជាអ្នកប្រដាល់របស់នាងនឹងខ្ពស់កប់ពពកមិនខាន។

បន្ទាប់ពីទទួលបានពានរង្វាន់ជា «អ្នកប្រដាល់ស្រីប្រចាំឆ្នាំ»ពីការប្រកួត World Lethwei Championship ពន្លកថ្មី ស្រីពៅ កំពុងខិតខំហ្វឹកហាត់ខ្លាំងសម្បើមណាស់ជាមួយកីឡាករល្បីៗនៅព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប ដើម្បីកសាងកំណត់ត្រាក្នុងអាជីពបន្ថែមទៀត។

ក្នុងនោះមាន វី ស្រីខួច ដែលជាមិត្តជិតស្និទ្ធជាច្រើនឆ្នាំ ហើយក៏ជារាមច្បងក្នុងអាជីពចូលរួមជួយហ្វឹកហាត់បន្ថែម លើសពីនេះនាងបង្ហើបប្រាប់ថាការហ្វឹកហាត់ជាមួយគ្នានោះដំណើរការទៅយ៉ាងល្អប្រសើរ។

ស្រីខួច សរសើរស្រីពៅថា៖ «ខ្ញុំសរសើរស្រីពៅ ត្រង់គាត់ឆាប់ចាប់បានណាស់ ហើយគាត់ខំទាល់តែចេះតែម្តង។ បើឲ្យប្រៀបជាមួយខ្ញុំវិញ គាត់រហ័សជាងខ្ញុំឆ្ងាយ មកពីគាត់មាឌតូចជាង តែបើនិយាយទៅ គាត់រហ័សអីចឹងតែម្តង!»

ទំនាក់ទំនងមិត្តភាពរបស់ស្ត្រីខ្លាំងពីររូបនេះ គឺចាប់ផ្តើមពីឆន្ទៈស្នេហាក្បាច់គុនដូចគ្នា រហូតមកដល់សព្វថ្ងៃពួកគេស្រលាញ់រាប់អានគ្នាដូចបងប្អូនបង្កើត។

ស្រីខួចរៀបរាប់៖ «ពេលទំនេរពីហាត់ យើងទៅក្រៅដើរលេងជាមួយគ្នា ពេលខ្លះអង្គុយបង្អាប់គ្នាចុះឡើង។ តែតាមពិតទៅ ស្រីពៅ ហើយនឹងខ្ញុំខុសគ្នាបន្តិច!»

«គាត់តែងតែលើកទឹកចិត្តខ្ញុំរហូត ឯខ្ញុំវិញមិនសូវចេះទេ! ខ្ញុំនិយាយតាមត្រង់ ខ្ញុំអរគុណគាត់ខ្លាំងណាស់ ពេលខ្ញុំត្រូវការអ្វីក៏គាត់ជួយខ្ញុំដែរ។ ពេលខ្លះយើងអត់មានលុយចាយអី យើងដឹងតែចេញឲ្យគ្នាទៅវិញទៅមក ហើយចេះជួយឲ្យកម្លាំងចិត្តគ្នាជានិច្ច។ ម្នាក់ៗចង់ឃើញគ្នាបានជោគជ័យដូចគ្នា។»

ប្រហែលបីឆ្នាំមុន ស្រីខួច បានឈ្នះការប្រកួតគុនចម្រុះរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ ONE: KINGDOM OF WONDER ដែលធ្វើនៅរាជាណាចក្រកម្ពុជា។

ចាប់តាំងពីនោះមក ស្រីខួច មិនសូវបានប្រកួតគុនចម្រុះទេ ប៉ុន្តែនាងនៅតែខិតខំហ្វឹកហាត់ជាប់លាប់ ហើយក៏បានចូលរួមប្រកួតប្រដាល់គុនខ្មែរ និងប្រដាល់សកលខ្លះៗដែរ។

ដោយសារ នៅ ស្រីពៅ ត្រូវឡើងប្រកួតធំឆាប់ៗដូចនេះ ស្រីខួច ក៏បានមកហាត់ជាមួយគ្នានៅក្លឹប CTT ដែរ។ ដោយសារ ស្រីខួច ជារាមច្បងនៅ ONE Championship និងមានបទពិសោធន៍ជាច្រើនដ៏មានតម្លៃសម្រាប់ចែករំលែកដល់មិត្តជិតស្និទ្ធរបស់នាងផងដែរ។

នាង បង្ហើបប្រាប់៖ «ខ្ញុំប្រាប់គាត់ថាកុំគិតច្រើនដូចខ្ញុំ។ ខ្ញុំធ្លាប់វាយក្នុងទ្រុងនៅ ONE Championship បីដងដែរ អីចឹងខ្ញុំមានបទពិសោធន៍ច្រើនដែរ។ ពេលប្រកួតម្តងៗ ខ្ញុំចេះតែបារម្ភខ្លាចគេចូលចាប់ អីចឹងខ្ញុំវាយអត់ចេញទេ!»

ក្រៅពីជួយដាស់តឿនផ្នែកស្មារតី ស្រីខួច ក៏បានជួយសិក្សាស្នៀតរបស់ Rika គូប្រកួតរបស់ ស្រីពៅផងដែរ។ ប៉ុន្តែនាងជឿជាក់ថា ស្រីពៅ មានប្រៀបច្រើនលើស្នៀតមួយចំនួនដែរ។

«ពីរនាក់ខ្ញុំមើលវីដេអូគូប្រកួតរបស់ ស្រីពៅ ឃើញថាខាងគេពូកែចាប់ក្រោមខ្លាំង អីចឹងខ្ញុំប្រាប់ស្រីពៅ ថាឲ្យប្រើចំនុចខ្លាំងគាត់ ជាពិសេសខាងប្រើដៃ វាយ Rika ទៅ។ ហើយធ្វើយ៉ាងណាកុំឲ្យគេចូលចាប់បាន។»

ប្រសិនបើ ស្រីពៅ អាចការពារខ្លួនពីការចូលចាប់ក្រោមបានមែន ស្រីខួច មានជំនឿចិត្តថាមិត្តភក្តិនាងនិងយកជោគជ័យមកផ្ទះវិញជាមិនខាន។

«បើនិយាយពីខាងដាល់ ខាងទាត់ជើង ឬប្រដាល់តែម្តង ខ្ញុំគិតថា Rika មិនអាចប្រៀបជាមួយ ស្រីពៅ ទេ!»។

 

អត្ថបទ៖ Matias Andres

Leave a Reply