ឯម សុវណ្ណារី ជាកីឡាការិនីមានប្រវត្តិប្រកួតក្នុងទ្រុង ONE Championship ដ៏ប៊ិនប្រសប់ម្នាក់ នៅសង្វៀនដើមខែធ្នូកន្លងទៅ ដែលកាលនោះនាងបានលើកមុខយ៉ាងខ្លាំងដោយការឈ្នះគូប្រកួតអ៊ុយក្រែន Iryna Kyselova មុនចប់ទឹក ក្នុងព្រឹត្តិការណ៍ ONE: DESTINY OF CHAMPIONS នៅទីក្រុងកូឡាឡាំពួរ។
គួររំលឹកផងដែរថា នាងបានប្រើស្នៀតកៀបក្លេរខាងជើងចាស់អ៊ុយក្រែនបានសម្រេចយ៉ាងផុយតែក្នុងទឹកទីមួយ ប៉ុណ្ណោះ។ សម្រាប់នាងនេះគឺជាការចាប់ផ្តើមមួយ ដូច្នេះនាងនៅតែខំប្រឹងហ្វឹកហាត់បន្តដើម្បីកសាងកេរ្តិ៍ឈ្មោះបន្ថែមទៀតមិនត្រឹមតែក្រោមដំបូលក្បាច់គុនស្តង់ដារអន្តរជាតិនេះទេ ប៉ុន្តែតាមរយៈសកម្មភាពខាងក្រៅផងដែរ។
នាខែតុលា ឆ្នាំ២០១៧ សុវណ្ណារី បានទាក់ទងជាមួយ Yves Edwards អតីតអ្នកប្រដាល់នៅ UFC និងអ្នកស្រី Brooke James ដែលជាអ្នកនិពន្ធម្នាក់ ដើម្បីពិភាក្សាគ្នាសរសេរសៀវភៅកូនក្មេងដែលកាលនោះពួកគេចាប់ផ្តើមត្រៀមសរសេរហើយ។
ក្រោយពីផ្ញើគំនូរជីវចលរបស់នាងទៅឲ្យគេហើយ ទាំងបីនាក់ក៏បានចាប់ដៃគ្នារៀបរៀងសៀវភៅដែលមានចំណងជើងថា « The Talent Quest» ដែលឥឡូវកំពុងចរាចរមានលក់នៅហាងសៀវភៅ និងតាមបណ្តាញអនឡានហូហែ។
សុវណ្ណារំលឹកពីដំណើរដើមទងដំបូង៖ «ពួកគាត់ចូលចិត្តគំនូររបស់ខ្ញុំ ហើយថាវាស៊ីគ្នានឹងអ្វីដែលគាត់ចង់ធ្វើដូចគ្នា។ វានិយាយពីតួអង្គសត្វតូចៗទាំងនោះ ដែលបានហ្វឹកហាត់ក្បាច់គុនច្រើនប្រភេទ!»
«យើងចង់ធ្វើយ៉ាងម៉េចបំបែកផ្នត់គំនិតរបស់ឪពុកម្តាយក្មេងភាគច្រើនដែលរិះគន់ក្បាច់គុនថាជារឿងហិង្សា ពេលដាក់កូនឲ្យរៀនក្បាច់គុនមួយៗ អីចឹងចង់បកទៅបង្ហាញពួកគាត់វិញថាក្បាច់គុនតាមពិតល្អសម្រាប់ក្មេងៗទេ ជាពិសេសជួយខាងចរិក និងជំនឿចិត្តលើខ្លួនពួកគេដែរ»។
ក្នុងសៀវភៅនោះមានតួអង្គដូចជាខ្លាឃ្មុំសម្បុរត្នោត Teddy ខ្លាឈ្មោះ Saaja ឆ្កែឈ្មោះ Dozer សត្វស្វាហៅ Bella និងខ្លាឃ្មុំចំបាប់ឈ្មោះ Gregor។ សុវណ្ណារីសង្ឃឹមថាសៀវភៅ «The Talent Quest» នឹងជាគ្រឹះមួយជួយជម្រុញស្មារតីក្មេងតូចៗ ក៏ដូចជាឪពុកម្តាយពួកគេ ឲ្យចាប់ផ្តើមសម្លឹងរកហាត់ក្បាច់គុនចាប់តាំងពីក្មេងទៅ។
នាងពន្យល់ថា៖ «សៀវភៅនេះ អាចបង្រៀនពីមេរៀនគ្រឹះនៃជីវិត សំខាន់សម្រាប់ក្មេងពេលគេធំឡើង»។
អ្នកប្រដាល់ស្រីទើបរះរបស់ ONE Championship រូបនេះ ធ្លាប់រៀបរាប់ពីដំណើរជីវិតរបស់ខ្លួន ថែមទាំងប្រាប់ថាគឺក្បាច់គុននេះហើយដែលជួយផ្លាស់ប្តូរភាពភ័យខ្លាច អៀនខ្មាសច្រើនរបស់ខ្លួន។
ដោយការសហការគ្នាជាមួយ Edwards និង James នេះ សុវណ្ណារី តាំងចិត្តចែករំលែកបទពិសោធន៍ទាំងប៉ុន្មានដែលខ្លួនមានតាំងពីខ្លួនប្រឡូកក្នុងវិស័យក្បាច់គុនមក។
«សឹងគ្រប់ពេល គេគិតថាក្បាច់គុនគឺមិនល្អទេ។ ពេលខ្លះឪពុកម្តាយក្មេងគិតថាវាជាហិង្សាមួយ ឬក្មេងនោះនឹងយកទៅធ្វើបាបគេ (ប៉ុន្តែតាមពិតវាផ្ទុយទៅវិញទេ)»
«The Talent Quest» គឺជាសៀវភៅពុម្ភដំបូងទាក់ទងនឹងដំណើររឿងរបស់ Teddy Saaja Dozer Bella និង Gregor។
គម្រោងសរសេរសៀវភៅនេះ ចំណាយពេលវេលាច្រើនជាងអ្វីដែលពួកគេគ្រោងទុក ប៉ុន្តែសម្រាប់ក្រុមនេះបានពិចារណាគ្នារួចហើយពីកម្រងរឿងបន្ទាប់ ទោះពេលនេះគេកំពុងរំភើបរីករាយចំពោះការបោះផ្សាយជាផ្លូវការចែកចាញបានទូទាំងពិភពលោក។
នាងប្រាប់បន្តទាំងរំភើបថា៖ «Brooke ផ្ញើរូបភាពនិងគំនូរផ្សេងៗដែលក្មេងៗនៅអូស្ត្រាលីគូចេញពីតួអង្គក្នុងសៀវភៅ! ខ្ញុំរំភើបដល់ភ្លាត់មាត់ថា អូ៎ព្រះអើយ!»
«វាអស្ចារ្យណាស់អ្វីដែលខ្ញុំធ្វើបានទៅដល់ក្មេងៗ ពួកគេថែមទាំងចូលចិត្តខ្លាំងដល់ថ្នាក់ចេះគូរូបតួអង្គគេចូលចិត្តទៀត»។
ក្នុងឆ្នាំ ២០១៩នេះឃើញថាក្នុងអាជីពជាអ្នកប្រដាល់គុនចម្រុះប្រចាំ ONE Championship ក៏ចាប់ផ្តើមជោគជ័យខ្លាំង រីឯសៀវភៅកូនក្មេងដែលនាងចូលរួមគូរក៏បានបោះពុម្ភផ្សាយជោគជ័យបណ្តើរៗទៀត។ សុវណ្ណារី បង្ហើបថាឆ្នាំថ្មីនេះនាងចង់ឡើងប្រកួតយ៉ាងតិចបាន ៣ដងក្នុងទ្រុង ធ្វើយ៉ាងណាបានឡើងដល់កំរិត ៦២គក។
សុវណ្ណារី សព្វថ្ងៃកំពុងហ្វឹកហាត់ពេញកម្លាំង ហើយប្រាប់ថានាងរួចរាល់សម្រាប់ទាំងលើសង្វៀន និងខាងគូររូប។
«ខ្ញុំឥឡូវបានហ្វឹកហាត់ពេញដៃពេញជើងវិញហើយ។ យើងចង់បណ្តោយឲ្យសៀវភៅនេះបោះផ្សាយតាមដំណើរសិនទៅ ហើយចាំយើងពិភាក្សាគ្នាថែមទៀតពីវគ្គបន្ត។ តែអត់ទាន់ដឹងច្បាស់ទេ»។
«ពេលនេះ យើងគ្រាន់តែរីករាយខ្លាំងដែលសៀវភៅនេះបោះផ្សាយទៅក្រៅបានសម្រេច!»
អត្ថបទ៖ Matias Andres