ទើបតែអាយុ ២១ ឆ្នាំសោះ សុខ ធី ធ្លាប់បានប្រមូលបទពិសោធន៍លើសង្វៀនប្រដាល់សេរី ឈ្នះ ២២១ដង ចាញ់៣៦ដង បើប្រៀបជាមួយកីឡាករដ៏ទៃ មិនទាន់មាននរណាមានប្រវត្តិវៃបានច្រើនដូចគាត់ទេ។
ថ្ងៃសោរ៍ ទី១៧ ខែធ្នូ អ្នកប្រដាល់វ័យក្មេងរូបនេះ នឹងបោះមួយជំហ៊ានទៀតឆ្ពោះទៅភាពល្បីល្បាញបំផុតក្នុងអាជីព ដោយគាត់នឹងបញ្ចេញស្នៀតជាមួយជើងខ្លាំងល្បីខាងក្បាច់គុនមួយថៃ ឡឹតសីលា ក្នុងទ្រុង ONE: WARRIOR’S DREAM ។
ខាងក្រោមជាប្រវត្តិរបស់ សុខ ធី ដែលយើងមិនធ្លាប់ដឹងមុនគាត់មានឱកាសបានប្រកួតក្នុងទ្រុងនៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី៖
១.ត្រូវគេធ្វើបាបកាលនៅក្មេង
កាលនៅក្មេង គាត់ត្រូវក្មេងៗដទៃទៀតក្នុងភូមិសម្លុតគំរាម ធ្វើឲ្យគាត់មិនសប្បាយចិត្តនឹងខ្លួនឯងទេ។
សុខ ធី ប្រាប់ថា៖ «ខ្ញុំមាឌតូចជាងគេ ហើយគេបង្អាប់ថាក្បាលខ្ញុំធំជាងខ្លួន។ ឲ្យតែពេលគេបង្អាប់ ខ្ញុំយំរាល់ពេល ហើយដឹងតែរត់ទៅពួននៅក្នុងស្រែ»។
ឪពុករបស់សុខ ធី វិញជាអ្នកស្រឡាញ់វិស័យកីឡាគុនខ្មែរខ្លាំង ដូច្នេះគាត់ក៏ណែនាំឲ្យ សុខ ធី និងបងប្រុស ហាត់រៀនក្បាច់គុន ដែលក្បាច់គុននេះហើយដែលជួយឲ្យសុខ ធី មានទាំងកម្លាំង និងទំនុកចិត្តលើខ្លួនឯង រហូតដឹកនាំជិវិតរបស់គាត់ឲ្យដល់វិថីដ៏ជោគជ័យសព្វថ្ងៃ។
គាត់បន្ថែម៖ «ខ្ញុំត្រូវតស៊ូជាមួយក្មេងដ៏ទៃដែលមានមាឌធំៗខ្លាំងៗជាងខ្ញុំហើយចូលចិត្តធ្វើបាបខ្ញុំ មកពីខ្ញុំពូកែខ្លាចគេពេក ប៉ុន្តែក្បាច់គុនបានជួយខ្ញុំឲ្យមានទំនុកចិត្តលើខ្លួនឯងឡើង»។
២. ឡើងប្រដាល់ដើម្បីចិញ្ចឹមគ្រួសារ
សុខ ធី កើតក្នុងគ្រួសារកសិករនៅភូមិតូចមួយក្នុងខេត្តបន្ទាយមានជ័យ។ ពេលដែលគាត់ធំឡើងឪពុកម្តាយរបស់គាត់បានព្យាយាមធ្វើគ្រប់យ៉ាងដើម្បីផ្គត់ផ្គង់គាត់និងបងប្រុសគាត់។
ធី រំលឹកថា៖ «ដំបូងគ្រួសារខ្ញុំជាកសិករធម្មតាទេ តែក្រោយមកពួកខ្ញុំបានទៅធ្វើជាកម្មករសំណង់ចុះឡើងពីខ្មែរទៅថៃ។ ខ្ញុំត្រូវទៅជួយគាត់ពេលណាគាត់ត្រូវការ»។
ឥឡូវនេះគាត់បានប្រែជំនាញក្បាច់គុនរបស់គាត់ឲ្យទៅជាអាជីពមួយហើយដូច្នេះ សុខ ធី ចង់ជួយផ្គត់ផ្គង់គ្រួសាររបស់គាត់អោយអស់ពីសមត្ថភាព។
គាត់និយាយថា៖ «អ្វីដែលធ្វើឲ្យខ្ញុំតស៊ូរហូតមកដល់សព្វថ្ងៃ គឺខ្ញុំចង់ផ្គត់ផ្គង់គ្រួសារខ្ញុំឲ្យមានជីវភាពរស់នៅប្រសើជាងមុន។ នេះជាកាតព្វកិច្ចរបស់ខ្ញុំក្នុងនាមជាកូនប្រុសម្នាក់»។
៣. ជាអ្នកត្រួសត្រាយផ្លូវវ័យក្មេង
សុខ ធី មិនត្រឹមតែជាកីឡាករជើងឯកគុនខ្មែរប្រចាំប្រទេស តែក៏ជាកីឡាករកំរិតពិភពលោកផងដែរ។ គាត់បង្ហាញថាគាត់មានសមត្ថភាពខ្លាំង ពេលគាត់ហ៊ានចូលប្រកួតទប់ទល់នឹងជើងខ្លាំងក្បាច់គុនមួយថៃ នៅកីឡដ្ឋានលុមភីនី ប្រទេសថៃ ដែលមិនធ្លាប់មានកីឡាករកម្ពុជាណាហ៊ានធ្វើឡើយ។
រូបគេក៏ធ្លាប់បានប្រកួតក្នុងប៉ុស្តិ៍ប្រដាល់លេខ៧ របស់ប្រទេសថៃ ហើយក៏ធ្លាប់ឈ្នះខ្សែក្រវាត់ពីប៉ុស្តិ៍ PNN និង ប៉ុស្តិ៍បាយ័ននៅកម្ពុជាថែមទៀត។
ឱកាសដែលបានប្រកួតជាមួួយ ឡឹតសីលា ជើងឯករបស់ថៃក្នុងកម្មវិធី ONE Super Series កាន់តែបង្ហាញថែមទៀតថាសមត្ថភាពរបស់ សុខ ធី មិនធម្មតាទេ។
ដោយមើលទៅក្បាច់គុនរបស់គាត់កាន់តែរីកចម្រើនទៅៗ មានមនុស្សជាច្រើនជឿថា សុខ ធី នឹងក្លាយជាកីឡាករខ្មែរដំបូងបំផុតដែលអាចក្លាយជាជើងឯកពិភពលោកបាន។
សុខ ធី បន្ថែមថា៖ «ពួកយើងសប្បាយចិត្តណាស់ដែល ONE រៀបចំការប្រកួតប្រដាល់សេរីឲ្យយើងបាន។ យើងអាចនិយាយថា ពេលនេះជាពេលដែលយើងអាចបង្ហាញពីអ្វីដែលយើង(កម្ពុជា) អាចធ្វើបាន»។
អត្ថបទ៖ Matias Andres