ONE: HERO’S ASCENT នៅទីក្រុងម៉ានីឡា ពិតជាមិនធ្វើឲ្យបងប្អូនខកបំណងឡើយ!

កាលពីល្ងាចថ្ងៃសុក្រ ទី២៥ ខែមករា ONE Championship បានត្រលប់ទៅបើកព្រឹត្តិការណ៍ ONE: HERO’S ASCENT នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ហើយបាននាំយកមកនូវភាពរំជើបរំជួលដល់ទស្សនិកជន ជាមួយការប្រកួតក្បាច់គុនមួយថៃ ប្រដាល់សេរី និងកីឡារគុនចម្រុះស្តង់ដារពិភពលោកផងដែរ។

ខាងក្រោមនេះ ជាចំនុចអស្ចារ្យបីរបស់ព្រឹត្តិការណ៍៖

១. Moraes សម្រេចបំណងបានខ្សែក្រវាត់ONE Flyweight World Title មកវិញ

កម្មវិធីសំខាន់នៃព្រឹត្តិការណ៍រាត្រីនោះ មានគូពិសេសមួយគូគឺ Geje Eustaquio ប៉ះជាមួយ Adriano Moraes ជាលើកទីបីដែលមិនធ្លាប់មានពីមុនឡើយនៅលើសង្វៀន ONE Championship ។

ធ្លាប់ជាម្ចាស់ខ្សែក្រវាត់ Eustaquio ហ៊ានដាក់ខ្សែក្រវាត់ខ្លួនឲ្យគេដណ្តើមក្នុងការប្រកួតចំនួួនប្រាំទឹក ដើម្បីឲ្យអស់ចិត្តថានរណាសមជាម្ចាស់ខ្សែក្រវាត់ ONE Championship Flyweight World Champion នេះពិតប្រាកដ។

ការជួបគ្នាពីរលើកមុនរបស់ពួកគេ គឺទីមួយនៅព្រឹត្តិការណ៍ ONE: RISE OF THE KINGDOM រាជធានីភ្នំពេញ និងទីពីរនៅ ONE: PINNACLE OF POWER ទីក្រុងម៉ាកាវ។

រីឯការប្រកួតលើកទីបីរបស់ខាងម្ចាស់ផ្ទះប្រទេសហ្វីលីពីន Eustaquio មានការហ៊ោកញ្ជៀវស្ទើតែបែកឆាកដោយសារគូមួយនេះប្រកួតយ៉ាងស្វិតស្វាញ ម្នាក់ៗស្ទុះចូលទាំងចាប់ក្លេរគ្នា និងដាល់គ្នាដូចរន្ទះ។

ប្រកួតគ្នាអស់ ៥ទឹកក្រោយមក ចៅក្រមបានសម្រេចជាឯកច្ឆន្ទឲ្យ Moraes ឈ្នះការប្រកួតនេះ ហើយក្លាយជាម្ចាស់ថ្មីរបស់ខ្សែក្រវាត់ ONE Flyweight World Champion។

២. Lowen Tynanes ជាប់វគ្គជម្រុះ ONE World Lightweight Grand Prix

ក្រោយពីបាត់មុខពីសង្វៀនប្រដាល់ជាង៣ឆ្នាំដោយសារមានរបួសខ្នងមក Lowen Tynanes បានបង្ហាញមុខសារជាថ្មីនៅ ONE ព្រោះមិនចង់ខាតពេលវេលាយូរជាងនេះឡើយ។

Tynanes ត្រូវប្រឈមមុខជាមួយជើងខ្លាំងរបស់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី Honorio Banario កីឡាករតំណាងក្រុម Lakay ដែលពីមុនជាអតីតម្ចាស់ខ្សែក្រវាត់ ONE Featherweight World Champion មានកេរ្តិ៍ឈ្មោះល្បីមួយរូបដែរ។ ពេលប្រយុទ្ធ Tynanes មានប្រៀបច្រើនទៅលើភាគីម្ចាស់ផ្ទះដោយការចូលចាប់ផ្តួលយ៉ាងរហ័ស និងឡើងគាបពីលើជាប់ ហើយប្រើកណ្តាប់ដៃដាល់ផ្តួនៗ។

Banario វិញក៏បានបង្ហាញស្មារតីអ្នកប្រយុទ្ធដ៏រឹងមាំម្នាក់ដែរ ដោយសារគាត់នៅតែមិនព្រមចាញ់ស្រួលៗហើយព្យាយាមរកវិធីដោះក្លេរឲ្យបាន ប៉ុន្តែទោះប្រឹងយ៉ាងណា Tynanes នៅតែរក្សាកម្លាំងគៀបរឹតជាប់ រួចបន្ថែមការដាល់ធ្ងន់ៗមិនសំចៃ រហូតអាជ្ញាកណ្តាល Yuji Shimada សម្រចបញ្ឈប់ការប្រកួតនៅនាទី ៤:៤០ នៃទឹកទី១។

គួរឲ្យដឹងដែរថា Tynanes មានប្រវត្តិប្រកួតឈ្នះជាប់ៗគ្នាចំនួន ១០ដងរួចមកហើយ។

អ្វីដែលរឹតែសំខាន់នោះគឺ កីឡាករអាមេរិកវ័យ ២៨ឆ្នាំនេះនឹងត្រូវប្រកួតវគ្គបន្ត ONE World Lightweight Grand Prix ជាមួយកីឡាករជ័យលាភី ដែលអាចជា Eddie Alvarez ឬក៏ Timofey Nastyukhin។ ការប្រកួតនោះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៣១ ខែមីនា ព្រឹត្តិការណ៍ ONE: A NEW ERA ទីក្រុងតូក្យូ ប្រទេសជប៉ុន។

៣. ជោគជ័យគួរឲ្យភ្ញាក់ផ្អើលរបស់កីឡាករ ONE Super Series

ONE: HERO’S ASCENT ដំណើការទៅយ៉ាងរំភើបក្តុកក្តួល ប៉ុន្តែអ្វីដែលកាន់តែអស្ចារ្យទៀតនោះគឺតារាប្រដាល់របស់ ONE Championship ជាច្រើនបានសម្តែងស្នៀតក្បាច់គុនថ្មីមិនគួរឲ្យជឿ។

Elias Mahmoudi ចំណូលថ្មីរបស់ ONE ដែលជាជើងឯក៣លើកក្នុងកម្មវិធី Muay Thai World Champion យកបានជោគជ័យធំធេងមួយដោយយកឈ្នះភាគីជប៉ុន Yukinori Ogasawara ក្នុងការប្រកួតមួយថៃទម្ងន់ ៦៥គកនៃវគ្គ ONE Super Seriesផងដែរ។

Mahmoudi អ្នកប្រដាល់មកពីប្រទេសអាល់ហ្សេរី បានប្រើប្រាស់ក្បាច់គុនគ្រប់បទផែនអស់ហើយទៅក្នុងការប្រយុទ្ធរបស់គាត់ ដូច្នេះឃើញថាកីឡាករផ្សេងៗទៀតត្រូវតែញញើតពេលចូលប្រកួតសេរីជាមួយគាត់បន្តិចហើយ។

រីឯគូសំខាន់ មានកីឡាករហ្វីលីពីន Danny Kingad គាត់មានអំនួតខ្លាំងព្រោះមានការហ៊ោអបអរសាទរពេលគាត់ត្រូវប្រឈមមុខនឹងដៃគូជប៉ុន Tatsumitsu Wada ក្នុងការប្រកួតបែបគុនចម្រុះ។

មួយគូនេះសម្រុកចូលគ្នាធ្វើឲ្យអ្នកមើលមិនហ៊ានដកភ្នែក គួរឲ្យរន្ធត់នោះគឺពេល Wada យកបានឱកាសកាប់ជើងក្រោម ហើយដាល់ចំៗទៅលើ Kingad បិះត្រូវអាជ្ញាកណ្តាលបញ្ឈប់ឲ្យឈ្នះទៅហើយ ស្រាប់តែភាគីម្ចាស់ផ្ទះគ្រប់គ្រងកម្លាំងនិងល្បឿនជាប់ រួចត្រលប់ទៅដាល់ពីក្រោមអស់ពីទំហឹងជាហូរហែរវិញ។

បន្ទាប់ពីប្រកួតអស់ពីសមត្ថភាពជាមួយគ្នាចំនួន ៣ទឹករួចមក ចៅក្រមទាំងបីបានសម្រេចជ័យលាភីទៅឲ្យកីឡាករហ្វីលីពីន និងមានឈ្មោះជាប់ក្នុងវគ្គបន្តនៅ ONE Flyweight World Grand Prix។

អត្ថបទ៖  Matias Andres

Leave a Reply