ចាន់ សំអាត កីឡាករឆ្នើមកម្មវិធី ONE Warrior Series កំពុងសម្លៀងក្បាច់គុនខ្លាំង

ចាន់ សំអាត ត្រូវបានគេស្គាល់ថាជាកីឡាករមានកេរ្តិ៍ម្នាក់នៅក្នុងកម្មវិធី One Warrior Series បានបង្ហើបប្រាប់ថាគាត់ដឹងគុណខ្លាំងដែលបានហាត់ក្បាច់គុន ហើយគាត់បង្ហាញក្តីដឹងគុណនោះដោយព្យាយាមប្រកួត។

កាលពីនៅជំទង់ សំអាត ជាក្មេងឈាមរាវប៉ោឡែម្នាក់ ប៉ុន្តែគាត់បានផ្លាស់ប្តូសឹងទាំងស្រុងនៅបានចាប់ហាត់ក្បាច់គុន។

គាត់រំលឹក៖ «ខ្ញុំស្រលាញ់ខាងប្រដាល់តាំងពីតូចម៉្លេះ តែអត់ដឹងធ្វើម៉េចបានហាត់ ព្រោះនៅស្រុកខ្ញុំអត់សូវមានកន្លែងហាត់ទេ»។

ទោះគាត់ដឹងថាខ្លួនឯងជាក្មេងពាលាម្នាក់មែន ប៉ុន្តែគាត់មានជំនឿថាក្បាច់គុននឹងផ្លាស់ប្តូជីវិតគាត់ ថ្ងៃមួយគាត់សុំគេចូលប្រកួតទាំងដែលខ្លួនឯងមិនមានបទពិសោធន៍ខាងប្រដាល់អ្វីសោះ។

«គេឃើញខ្ញុំខំវៃតស៊ូខ្លាំងអីចឹង គេយកខ្ញុំមកហាត់នៅភ្នំពេញទៅ!»

ការដែលបានហាត់នៅក្លឹប Cambodian Top Team (CTT) សំអាត ឥឡូវបានអនុវត្តជាមួយកីឡាករខ្លាំងៗរបស់ ONE Championship ដូចជា រិន សារត្ន័ និងពន្លកថ្មី នៅ ស្រីពៅ ជាដើម។

កាលពីឆ្នាំ ២០១៥ ONE Championship បានមករៀបចំព្រឹត្តិការណ៍ ONE: KINGDOM OF KHMER

នៅទីក្រុងភ្នំពេញ សំអាត ក៏មានវត្តមានប្រកួតក្នុងសង្វៀនធំនោះដែរ។

ប៉ុន្តែទើបតែឆ្នាំមុនដែលគាត់បានរីកមុខមាត់ខ្លាំងក្នុងវិស័យគុនចម្រុះ ពីព្រោះគាត់បានវាយភាគីថៃ Detchadin Srosirisuphathin ឲ្យសន្លប់តែក្នុងទឹកទីមួយក្នុងកម្មវិធី One Warrior Series (OWS)។

សំអាតបន្ថែមទៀតថា៖ «ប្រកួតនៅសិង្ហបុរី ខ្ញុំអត់សូវមានសង្ឃឹមទេប្រហែល ៥០ភាគរយប៉ុណ្ណោះ។ ប៉ុន្តែកាលនោះមានលោកគ្រូចាន់រាជ បងស្រីបងប្រុសខ្ញុំទៅជួយគាំទ្រខ្ញុំ។ លោកគ្រូគាត់ប្រាប់ថាត្រូវវាយយ៉ាងម៉េចធ្វើយ៉ាងម៉េច តែគាត់អត់ស្រែកខ្លាំងៗទេ គាត់និយាយធម្មតា ដល់ចឹងខ្ញុំស្តាប់បានជាងខ្ញុំឈ្នះតែម្តងទៀត!»

ថ្វីបើ សំអាត មិនសូវបានប្រកួតគុនចម្រុះច្រើន ហើយប្រកួតយូរៗម្តងមែន ប៉ុន្តែសម្រាប់ឆ្នាំ ២០១៩នេះ គាត់សំរុកប្រឹងហាត់ខ្លាំងជាងមុនឆ្ងាយ។

ដូចកីឡាករផ្សេងៗដែរ គាត់ជឿជាក់ថាវិស័យកីឡានៅកម្ពុជានឹងឆាប់ផ្តើមរីកខ្លាំងឆាប់ៗ។

«ថ្ងៃក្រោយ ខ្ញុំចង់ចាប់យកទាំងគុនខ្មែរ និងគុនចម្រុះ។ និយាយទៅចង់ចេះជំនាញច្រើន តែតាមចិត្តខ្ញុំចង់គុនចម្រុះជាង ដោយសារវាមិនសូវឈឺខ្លួនខ្លាំង»។

ថ្ងៃអាទិត្យនេះ សំអាត និង រិន សារត្ន័ នឹងត្រូវឡើងប្រកួតនៅ Phnom Penh Kun Khmer។

គាត់រៀបរាប់ប្រាប់៖ «ខ្ញុំមានអារម្មណ៍ថាកក់ក្តៅបានសារត្ន័ប្រកួតថ្ងៃជាមួយ។ រត្ន័គាត់ប្រកួតពេលព្រឹក ហើយខ្ញុំប្រកួតពេលល្ងាច។ ឥឡូវខ្ញុំបានហាត់គ្រប់គ្រាន់ អីចឹងខ្ញុំមិនបារម្ភទេ»។

អ្វីដែលគួរឲ្យចម្លែកនោះគឺ សំអាត ថាគាត់មិនចង់ស្គាល់ពីដៃគូប្រកួតរបស់ខ្លួនឡើយ។

គាត់ប្រាប់ថា គាត់មិនចង់ស្វែងយល់ពីគូប្រកួតទេ គឺគាត់ចង់ដើរចូលសង្វៀនជាមួយជំនឿចិត្តលើខ្លួនឯងវិញ។

«ខ្ញុំអត់ចង់ភ័យថាគេពូកែប្រើស្នៀតអីដើម្បីវៃទេ។ អ្វីដែលខ្ញុំគិតនោះគឺថា គេជាគូប្រយុទ្ធយើង អីចឹងត្រូវដើរចូលទៅវៃគេ”។

Leave a Reply