រិន សារត្ន័ ដូរចិត្តគំនិតជាអ្នកប្រយុទ្ធថ្មីមួយ សម្លឹងវិលចូលប្រកួតONE Championshipម្តងទៀត

រិន សារត្ន័ ជាកីឡាករឆ្នើមម្នាក់ក្នុងពិភពគុននៅកម្ពុជា ហើយក៏ជាប្រចាំ ONE Championship ការប្រកួតគាត់ជាបន្តបន្ទាប់ គាត់តែងរិះរកវិធីវិវឌ្ឍន៍ជំនាញក្បាច់គុនរបស់គាត់ឲ្យកាន់តែមានកំរិតខ្ពស់ថែមទៀត។

សារត្ន័ មានជំនាញច្បាស់ខាងគុនខ្មែរដែលសព្វថ្ងៃកំពុងហាត់នៅក្លឹប Cambodian Top Team មួយរយៈចុងក្រោយនេះគាត់បានសម្រេចចិត្តធ្វើការផ្លាស់ប្តូរដ៏ធំមួួយ មានបំណងក្លាយខ្លួនជាកីឡាករអាជីពខាងគុនចម្រុះវិញ ហើយគាត់ក៏បានត្រៀមជាស្រេចដើម្បីបញ្ចេញស្នៀតដែលគាត់ខំសំងំហាត់មួួយរយៈធំនេះ ឲ្យពិភពលោកបានស្គាល់នៅលើសង្វៀនធំបន្ទាប់។

នៅក្រោមការណែនាំរបស់គ្រូបង្វឹក Nicholas “JJ” Lee មកពីក្លឹបYorky MMA ជាមួយក្លឹប CTT ទាំង សារត្ន័ និងម្ចាស់ក្លឹបលោក ហ៊ុន ចាន់រាជ ឃើញថាមានចំនុចអភិវឌ្ឍច្រើនគួរឲ្យកត់សំគាល់។

លោកចាន់រាជ បង្ហើបប្រាប់ថា៖ «ចាប់ពីប្រកួតលើកមុនមកដល់ឥឡូវ គាត់ផ្លាស់ប្តូរច្រើនមែនទែនប្រៀបដូចអ្នកប្រយុទ្ធ និងកីឡាករថ្មីស្រឡាងម្នាក់អីចឹង! គាត់ចាប់ផ្តើមធ្វើនេះធ្វើនោះ គាត់ខំប្រកួត ហើយការគិតក៏ខុសពីមុនដែរ។ ឥឡូវគាត់ដូចអាវុធច្រើនបែបមួយអីចឹង!យើងអាចនិយាយបានថា ស្មារតីគាត់គឺផ្ចង់ទៅលើគុនចម្រុះតែម្តង»។

https://www.facebook.com/ONEChampionship/videos/1861049190584994/

ពីរប្រកួតចុងក្រោយកាលពីឆ្នាំ២០១៨ សារត្ន័ មានកំណត់ត្រាឈ្នះ១ ចាញ់១ ដូច្នេះគាត់ដឹងថាខ្លួនត្រូវធ្វើឲ្យបានប្រសើរជាងនេះទៀត ដើម្បីរក្សាកំណត់ត្រាអាចផ្តួលកីឡាករខ្លាំងៗបាន។

ឆ្នាំ២០១៩ ជាឆ្នាំដែលវិស័យក្បាច់គុននៅកម្ពុជាកំពុងផ្ទុះឡើយយ៉ាងកក្រើកពេញផ្ទៃប្រទេស រីឯ សារត្ន័ វិញមានឆន្ទះបញ្ចេញស្នាដៃនៅលើសង្វៀនអន្តរជាតិ និងសង្ឃឹមថាអាចជាឧទាហរណ៍មួយសំរាប់ជំនាន់ក្រោយផងដែរ។

ម្យ៉ាងដោយឃើញមិត្តរួមក្លឹបដូចជា នៅ ស្រីពៅ និង ឡៅ ចិត្រា ជាដើមនឹងឡើងបញ្ចេញស្នាដៃជាលើកដំបូងនៅថ្ងៃសៅរ៍ ទី១៦ ខែកុម្ភះ ព្រឹត្តិការណ៍ONE: CLASH OF LEGENDS នាទីក្រុងបាងកក ប្រទេសថៃផង ធ្វើឲ្យ សារត្ន័ រឹតតែស្រេកឃ្លានឆាប់បានគេចាប់គូប្រកួតទៅទៀត។

សារត្ន័រៀបរាប់៖ «កត្តាជំរុញចិត្តខ្ញុំគឺ ខ្ញុំចង់ប្រកួតនៅបរទេសឲ្យល្អដូចកាលឆ្នាំ២០១៨។ ចូលឆ្នាំ២០១៩ គឺខ្ញុំនឹងផ្លាស់ប្តូរខាងជំហរវាយរបស់ខ្ញុំឲ្យខ្លាំងថែមទៀត។ ឥឡូវខ្ញុំខំចាប់ឡាំជាមួយលោកគ្រូ និងជាមួយមិត្តនៅក្លឹបរហូត ជាពិសេសប្រឹងហាត់ខាងចូលចាប់ក្រោមឲ្យប្រសើរជាងមុន»។

រិន សារត្ន័ មិនត្រឹមតែមានបំណងវិលត្រលប់ចូលក្នុងទ្រុងម្តងទៀតនោះទេ ប៉ុន្តែក៏ចង់ប្រាប់ទស្សនិកជនទូទាំងពិភពលោកថាគាត់ជាកីឡាករម្នាក់ខុសពីមុន។

រីឯមេដឹកនាំក្លឹប CTT សម្លៀងភ្នែកទៅលើព្រឹត្តិការណ៍ ONE: REIGN OF VALOR ការប្រកួតនៅប្រទេសភូមា សម្រាប់ថ្ងៃទី៨ ខែមីនា។ គាត់ចង់ដាក់កីឡាករឲ្យបានប្រកួតនៅទីនោះខ្លាំង ដូច្នេះគាត់ថាទោះត្រូវបន្ថែមទម្ងន់ប្រកួតក៏មិនជាបញ្ហាអ្វីនោះដែរ។

លោក ចាន់រាជ បន្ថែម៖ «យើងគិតថា សារត្ន័ត្រៀមខ្លួនអស់ហើយ ទើបយើងហ៊ានលោតទៅប្រកួតប្រភេទទម្ងន់មួយកំរិតទៀត។»

ថ្វីបើស្ថានការណ៍ពេលនេះគឺមិនប្រមាណថ្ងៃ ឬអាទិត្យទៀតទេ គេនឹងឲ្យដំណឹងថា សារត្ន័មានឈ្មោះទៅប្រកួតនៅភូមាឬអត់ ប៉ុន្តែសម្រាប់សារត្ន័ វិញបានត្រៀមចិត្តនិងគំនិតច្បាស់រួចហើយថានឹងចាប់យកអាជីពគុនចម្រុះជាប់លាប់ពីពេលនេះទៅ។

អត្ថបទ៖ Matias Andres

Leave a Reply