នៅ ស្រីពៅ បានចូលប្រកួតផ្លូវការនៅ ONE Championship ខែកម្ភះ

កក្រើកទៀតហើយ! នៅ ស្រីពៅ ជាកីឡាការិនីថ្មីម្នាក់ទៀតដែលនឹងចូលបង្ហាញស្នាដៃនៅស្ថាប័នក្បាច់គុនដ៏ធំជាងគេ ONE Championship ហើយក៏ត្រូវបានគេចាប់គូឲ្យជាស្រេច។

ការបង្ហាញខ្លួនជាលើកដំបូងរបស់នាងគឺនៅព្រឹត្តិការណ៍ ONE: CLASH OF LEGENDS នៅទីក្រុងបាងកក ប្រទេសថៃ ត្រូវនឹងថ្ងៃសៅរ៍ ទី ១៦ ខែកុម្ភះ។

ស្រីពៅ ទើបតែមានអាយុ ២៣ឆ្នាំ នឹងធ្វើការប្រកួតតំណាងឲ្យក្លឹប Cambodian Top Team (CTT) ត្រូវគេផ្គូផ្គងឲ្យប៉ះចំអ្នកប្រដាល់ស្រីស្អាតរបស់ថៃនាង Rika Ishige។

ស្រីពៅ បានមហាជនចាប់អារម្មណ៍ខ្លាំងនៅចុងឆ្នាំ២០១៨ ដោយសារនាងយកបានពានរង្វាន់ធំមួយគឺ «អ្នកប្រដាល់ស្រីប្រចាំឆ្នាំ» ពីកម្មវិធី Lethwei World Championship ថែមទាំងក្លាយជាជើងឯកខ្សែក្រវាត់ Kun Khmer World Champion មួយទៀត ដោយបញ្ចេញស្នាដៃដ៏អស្ចារ្យនៅមុខចក្ខុទស្សនិកជនរួមជាតិនៅរាជធានីភ្នំពេញផងដែរ។

ឥឡូវនេះ នាងបន្ថែមជំនាញខាងគុនចម្រុះមួយទៀត ប៉ុន្តែវគ្គដំបូងក្នុងការប្រកួតប្រភេទទម្ងន់ ៥២គក ត្រូវប្រយុទ្ធប៉ះចំកីឡាការិនីស្រីដ៏ល្បីឈ្មោះនៅប្រទេសថៃតែម្តង។

និយាយពីគូប្រកួតថៃនាង Rika វិញ ពិតជាកំពូលតារាប្រដាល់ស្រីម្នាក់ដែលជាប់ឈ្មោះថា “The Land Of Smiles”  នាងចាប់ផ្តើមប្រកួតក្នុងស្ថាប័ន ONE Championship តាំងពីឆ្នាំ ២០១៧មកម៉្លេះ មកដល់សព្វថ្ងៃនាងមានប្រវត្តិឈ្នះ ៤ដង ចាញ់ ២ដង ហើយឈ្នះ ៤ដងនោះសុទ្ធតែផ្តួលដៃគូមុនចប់ទឹកទាំងអស់។

ប៉ះគូប្រកួតវ័យ ២៩ឆ្នាំម្នាក់នេះ ស្រីពៅ មើលទៅមិនងាយផ្តួលគេបានស្រួលៗនោះទេ ព្រោះខ្លួនទើបតែជាចំណូលថ្មីប៉ុណ្ណោះ។

ស្រីពៅ រៀបរាប់ថា៖ «ខ្ញុំអរផង រំភើបផង តែក៏ភ័យណាស់ដែរ។ ខ្ញុំអត់ធ្លាប់វាយ MMA ពីមុនទេ ប៉ុន្តែខ្ញុំប្រាប់ខ្លួនឯងថាហាត់ឲ្យខ្លាំងឲ្យអស់ពីសមត្ថភាព។ ភាគច្រើនគេថាខ្ញុំទៅមិនរួចទេ ប៉ុន្តែសម្រាប់ខ្ញុំប្រឹងទាល់តែទៅរួចហ្នឹង!»។

ទាក់ទងនឹងដំណឹងថាបានទៅប្រកួតនៅ ONE Championship តាមពិតត្រូវបានមនុស្សម្នាលេចលឺសឹងផ្ទៃប្រទេសទៅហើយ ប៉ុន្តែ នៅ ស្រីពៅ បានទៅជាបានដឹងតាមរយៈលោកគ្រូចាន់រាជ បែបប្លែកទៅវិញ។

នាងរៀបរាប់ទាំងសើចថា៖ «លោកគ្រូ(ចាន់រាជ) គាត់តេហៅខ្ញុំឲ្យទៅក្លឹបថាមានការបន្តិច។ ពេលទៅដល់ គាត់ស៊ុបប្រាយខ្ញុំខ្លាំងតែម្តង ឲ្យខ្ញុំហាត់ខ្លាំងសឹងដាច់ខ្យល់។ ខ្ញុំអត់មានដឹងថាត្រូវហាត់ អីចឹងអត់បានត្រៀមអីបន្តិច! អ៉ូយ.. សឹងដាច់ខ្យល់!»

«ដល់ហាត់ហើយ បានលោកគ្រូ (អតីតអ្នកប្រដាល់ ONE Championship លោក Nicholas “JJ” Lee) សួរខ្ញុំថា ខ្ញុំចង់វាយដើម្បីកេរ្តិ៍ឈ្មោះ ឬក៏ដើម្បីលុយ? ខ្ញុំឆ្លើយថា ខ្ញុំវាយដើម្បីកេរ្តិ៍ឈ្មោះ អត់ទាន់គិតរឿងលុយទេ»។

បន្ទាប់មកទើប ស្រីពៅ ដឹងថាខាងស្ថាប័ន ONE Championship កំពុងទាក់ទងទៅ ដូច្នេះនាងត្រូវជ្រើសរើសការប្រកួតមួយក្នុងចំណោមការប្រកួតពីរ។ មួយគឺប្រកួតនៅទីក្រុងបាងកក ព្រឹត្តិការណ៍ ONE: CLASH OF LEGENDS និងមួយទៀតគឺនៅទីក្រុងយាំងហ្គោន ព្រឹត្តិការណ៍ ONE: REIGN OF VALOR

នាងឆ្លើយថា៖ «ខ្ញុំយល់ព្រមទៅប្រកួតនៅថៃ។ ប៉ុន្តែលោកគ្រូប្រាប់ទុកថាដៃគូខ្ញុំម្នាក់ហ្នឹងខ្លាំងណាស់»។

កីឡាការិនីកម្ពុជា កំពុងត្រៀមហ្វឹកហាត់ពេញសម្រាប់ការប្រកួតរបស់ខ្លួនដែលត្រូវប្រឈមនឹងជើងខ្លាំងស្រី Rika ។ ថ្វីបើនាងពុំទាន់មានបទពិសោធន៍ក្នុងកីឡានេះក៏ពិតមែន យ៉ាងណានាងមានទេពកោសល្យខ្ពស់ដែលអាចជួយនាងបាន។

«លោកគ្រូ (Lee)សរសើខ្ញុំថា ខ្ញុំចាប់ឆាប់បានណាស់។ ខ្ញុំដឹងថាខ្ញុំពូកែដៃស្រាប់ហើយ តែខ្ញុំត្រូវប្រឹងហាត់ចាប់ឲ្យបាន ជាពិសេសគូប្រកួតខ្ញុំគេពូកែខ្លាំងខាងចាប់ក្រោមផង»។

អ្នកប្រដាល់ស្រីប្រចាំក្លឹបក្បាច់គុន CTT រូបនេះ កំពុងបោះជំហានធំទៅមុខ ហើយក៏កំពុងត្រៀមការហ្វឹកហាត់គ្រប់បែបយ៉ាងទាំងអស់ដើម្បីបង្ហាញភាពអស្ចារ្យរបស់ខ្លួនក្នុងជុំរុំពិភពគុនដ៏ធំរបស់ពិភពលោកខែក្រោយនេះ។

 

អត្ថបទ៖ Matias Andres

Leave a Reply