ចាន់ រតនា ហ្វឹកហាត់មិនទំលាក់ខ្លួនសង្ឃឹម ONE Championship ហៅទៅប្រកួតនៅតូក្យូ

អ្នកណាក៏ត្រូវការសម្រាកលម្ហែកាយដូចជាកីឡាករជើងចាស់ ONE Championship របស់កម្ពុជា ចាន់ រតនាដែរ។

គួររំលឹកថាកាលពីថ្ងៃសុក្រ ទី០៧ខែធ្នូ កន្លងទៅ ចាន់ រតនា បានបង្ហាញខ្លួនម្តងទៀតនៅលើសង្វៀនក្បាច់គុនធំជាងគេក្នុងព្រឹត្តិការណ៍ ONE: DESTINY OF CHAMPIONS បន្ទាប់ពីបាត់មុខពីពិភពគុនប្រហែលជាងមួយឆ្នាំកន្លះមក។

គាត់បង្ហាញខ្លួននៅសង្វៀនដ៏ធំទីក្រុងកូឡាឡាំពួរ ជាមួយចក្ខុទស្សនិកជនលាននាក់ ចាន់ រតនា កីឡាករទម្ងន់ ៦១គក សាងប្រវត្តិសាស្រ្តយកបានជ័យជម្នះដ៏មិនគួរឲ្យជឿមួយ ដោយផ្តួលខ្លាចាស់ជនជាតិឥណ្ឌូនេស៊ី Abro Fernandes ដែលពីមុនគេមិនធ្លាប់មានប្រវត្តិចាញ់ឡើយ។

គូប្រយុទ្ធទម្ងន់ ៦១គកនេះ សម្តែងស្នៀតគុនដែលពួកគេបានត្រៀមបំបាក់គ្នារៀងៗខ្លួន។

រតនា ពន្យល់ថា៖ «ខ្ញុំដឹងគេល្អ គេវាយ៧ដងអត់ដែលចាញ់ ហើយគេម្ចាស់ខ្សែក្រវាត់ប្រចាំទូរស្សន៍នៅប្រទេសគាត់ឥណ្ឌូនេស៊ីទៀត។ ប៉ុន្តែយ៉ាងណា ខ្ញុំអត់ជាបារម្ភទេ!។ ខ្ញុំបារម្ភតែមួយទេគឺកម្លាំងរបស់គេ និងទម្ងន់ដៃទម្ងន់ជើង។ តែបន្ទាប់ពីតេសទឹកទី១ ខ្ញុំដឹងពីកម្លាំងរបស់គេ ដល់អច្ចឹងខ្ញុំអត់មានអីបារម្ភ ខ្ញុំសប្បាយចិត្តនឹងការប្រកួត!»។

មួួយគូនេះ ប្រកួតគ្នាឡើយជិតអស់ខ្យល់រាងខ្លួន បើមើលទៅយ៉ាងយូរទឹកទី២ គឺដឹងចាញ់ឈ្នះទៅហើយ។

ក្នុងទឹកនោះឃើញថា រតនា ព្យាយាមដោះខ្លួនពីការចាប់កៀបក្លេររបស់ Fernandes ជាច្រើនដង បន្ទាប់មក រតនា ប្រើប្រាស់ក្បាច់ដូនតាដាល់ចំៗ រហូតរកបានឱកាសពេល Fernandes អស់ខ្យល់ខ្លាំង ក៏បង្ហើយដោយប្រើជង្គង់មុតស្រួចរបស់ខ្លួន។ គាត់បន្តសម្រុកចូលបន្ថែមកណ្តាប់ដៃធ្ងន់ៗទៀត រហូតអាជ្ញាកណ្តាលសម្រាច់បញ្ឈប់ការប្រកួតតែម្តង។

ជ័យជម្នះរបស់ម្ចាស់ក្លឹប «សិល្បៈ» នាព្រឹត្តិការណ៍ក្រុងកូឡាឡាំពួរ នោះបានធ្វើឲ្យមានក្តីរំភើបភ្ញាក់ផ្អើលយ៉ាងសម្បើម ជាមួយកីឡាការិនីថ្មីមួយរូបទៀតគឺ ឯម សុវណ្ណារី ដែលក៏បានផ្តួលគូប្រកួតយ៉ាងប៉ិនប្រសព្វផងដែរ។

ថ្វីបើនោះជារាត្រីដ៏អស្ចារ្យសម្រាប់អ្នកប្រដាល់គុនខ្មែរមែន ប៉ុន្តែគាត់បានសម្លឹងមើលពីអ្វីដែលត្រូវបន្តទៀតរួចហើយ។

គាត់ ប្រាប់ថា៖ «ខ្ញុំសប្បាយចិត្តដែរ ប៉ុន្តែខ្ញុំធ្លាប់មានអារម្មណ៍ហ្នឹងច្រើនដងហើយ។ ខ្ញុំដឹងថាហ្នឹងគ្រាន់តែជាដំណើរការមួយ ព្រោះនៅមានដំណើរជាច្រើនទៀតដើម្បីឈានដល់គោលដៅខ្ញុំ។ ខ្ញុំដឹងថាហ្នឹងជាជោគជ័យធំមួយ តែខ្ញុំគិតថានៅមានឆ្ងាយទៀត!»

អ្វីដែលសំខាន់ ទើបតែតស៊ូជាមួយ Fernandes បាន២២ថ្ងៃសោះ គាត់ឡើងសង្វៀនម្តងទៀត តែលើកក្រោយនេះគឺប្រកួតគុនខ្មែរ នៅពីមុខជនរួមជាតិឯរាធានីភ្នំពេញ។

«បកមកវាយគុនខ្មែរវាងាយស្រួល ព្រោះអីបានហាត់ត្រៀមវាយនៅ ONE អស់ពីរខែហើយ។ បន្ទាប់មក ខ្ញុំសម្រាកពីរបីថ្ងៃ ហើយហ្វឹកហាត់ថែមទៀត»។

ចាន់ រតនា បានឈ្នះការប្រកួតម្តងទៀត នៅរសៀលថ្ងៃសៅរ៍ ទី២៩ ខែធ្នូនោះផងដែរ។ ប្រកួតរួចគាត់ក៏សម្រេចចិត្តយកពេលសម្រាកលំហែកាយម្តង។

គាត់បាននាំប្រពន្ធកូនទាំងពីរ ទៅលេងកោះរុង ប៉ុន្តែសម្រាប់គាត់នៅតែមិនភ្លេចពីការហ្វឹកហាត់ឡើយ។

«ខ្ញុំយកពេល៤ថ្ងៃនៅកោះរុង ប៉ុណ្នឹងគ្រប់គ្រាន់សម្រាប់ខ្ញុំហើយ! កត្តាមួយទៀតខ្ញុំរំលឹកខ្លួនឯងរហូតថា ខ្ញុំកាន់តែចាស់ហើយ ខ្ញុំមិនដឹងថាអាចបន្តវាយបាន ៣ឬ៤ឆ្នាំទៀតឬអត់ទេ។ អីចឹងខ្ញុំត្រូវតែក្តោបឱកាសនេះឲ្យបាន មិនត្រូវទំលាក់ខ្លួនបណ្តោយឲ្យពេលវេលាដើរចោលនោះទេ! »

សព្វថ្ងៃ ចាន់ រតនា បន្តហ្វឹកហាត់យ៉ាងខ្លាំងមិនបណ្តោយឲ្យឡើងគីឡូបន្តិចឡើយ។ គាត់ចង់បង្ហាញអ្នកគាំទ្រ និងស្ថាប័ន ONE Championship ឲ្យដឹងថា គាត់ត្រៀមខ្លួនសម្រាប់ការប្រកួតខាងមុខរួចជាស្រេច។

«ការដែលខ្ញុំអាចប្រកួតតំណាងកម្ពុជា ខ្ញុំមានអារម្មណ៍សប្បាយចិត្ត! ខ្ញុំគិតចង់វាយនៅតូក្យូ និងម៉ានីឡា ព្រោះខ្ញុំមិនដែលទៅជប៉ុន ខ្ញុំរីករាយនឹងប្រកួត។ ប៉ុន្តែសម្រាប់ខ្ញុំឲ្យតែគេចាប់គូឲ្យវាយនរណាក៏ខ្ញុំវាយដែរ»។

«ដោយសារខ្ញុំប្រកួតតំណាងឲ្យកម្ពុជា អីចឹងខ្ញុំធ្វើយ៉ាងណាយកជ័យជម្នះមកឲ្យប្រទេសឲ្យបាន!»

 

អត្ថបទ៖ Matias Andres

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s