Emmanuel Onyedikachi ចេញមុខជួយក្មេងៗក្រីក្រកម្ពុជា

កីឡាករសាច់ដុំ Emmanuel Onyedikachi ប្រចាំកម្មវិធី ONE Warrior Series បានបោះជំហ៊ានចូលឆ្នាំ ២០១៩ ជាមួយស្នាមញញឹមរីករាយ។  

តារាសាច់ដុំតំណាងឲ្យក្លឹប «សិល្បៈ» ចាប់ផ្តើមមានកេរ្តិ៍ឈ្មោះសុះសាយ ក្នុងអាជីពគុនចម្រុះរបស់ខ្លួននៅពេលបានឱកាសបញ្ចេញថ្វីដៃ ក្នុងកម្មវិធី Rich Franklin’s ONE Warrior Series 1 (OWS) នៅប្រទេសសិង្ហបុរី កាលពីខែឧសភា ២០១៨កន្លងទៅ។

ពេលនេះ Onyedikachi មានជំហររឹងមាំដែលគាត់អាចបង្ហាញពិភពលោកពីជំនាញក្បាច់គុនកំរិតខ្ពស់នៅអន្តរជាតិ។

កីឡាករជនជាតិនេស្សេរីយ៉ារូបនេះ បានសាងកំណត់ត្រាឈ្នះៗក្នុងកម្មវិធី OWS ចំនួន ៣ដង ហើយយកឈ្នះបានទាំង ៣ដងផងដែរ។

គាត់ប្រាប់ពីអារម្មណ៍ថា៖ «ខ្ញុំពិតជាត្រេកអរណាស់សម្រាប់ឱកាសមួយនេះ។ បានចូលទៅទីនោះពិតជាបទពិសោធន៍ដ៏អស្ចារ្យមួយ ខ្ញុំមិនដែលគិតថាបានចូល (ONE Championship) ឆាប់អីចឹងទេ»។

គួររំលឹកដែរថា ជោគជ័យដ៏ធំបំផុតរបស់គាត់គឺនៅការប្រកួតខែកក្កដា ដោយគាត់បានយកឈ្នះពីការប្រើស្នៀតកាប់ជើងក្រោមភាគឺខាងឥណ្ឌាឈ្មោះ Sandeep Kumar Dahiya តែក្នុងទឹកទី១ប៉ុណ្ណោះ

ក្រៅពីជោគជ័យក្នុងអាជីព រូបគាត់ក៏បានផ្លែផ្កាខាងជិវីតខាងក្រៅដូចគ្នា។ ថ្មីៗនេះ គាត់ទើបបានរៀបការប្រពន្ធ និងជិតបានកូនមួយហើយ។

ថ្វីបើយើងឃើញពីសមិទ្ធិផលច្រើនដែលគាត់ទទួលបាននៅពេលនេះមែន ប៉ុន្តែជីវិតគាត់ពីមុនគឺផ្ទុួយស្រលះតែម្តង ពេលគាត់មកកម្ពុជាប្រហែល ១០ឆ្នាំមុន។

គាត់ចែករំលែកពីដំណើរជីវិតថា៖ «ខ្ញុំយល់អារម្មណ៍ដែលរស់នៅតាមផ្លូវវាយ៉ាងម៉េច! ខ្ញុំក៏មានបទពិសោធន៍នោះដែរ។ មុននឹងខ្ញុំមានដូចសព្វថ្ងៃ កំឡុងពេលនៅកម្ពុជាដំបូងៗ ខ្ញុំក៏ធ្លាប់អត់មានផ្ទះនៅហើយដើរដេកតាមផ្លូវអស់ ៨ខែដែរ»។

មិនមានទាំងផ្ទះសម្បែង មិនមានទាំងគោលដៅច្បាស់លាស់ ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមក Onyedikachi បានធ្វើការផ្លាស់ប្តូរដ៏គួរឲ្យភ្ញាក់ផ្អើល។

ដូច្នេះហើយ សព្វថ្ងៃគាត់បកមកជួយដល់កុមារកម្ពុជាដែលមានភាពក្រីក្រខ្វះលទ្ធភាពវិញ។

គាត់សហការជាមួយអង្គការមិនស្វែងរកប្រាក់ចំណេញមួួយឈ្មោះថា Awareness Cambodia ដែលគាត់មានតួនាទីដើរតួជាឯកអគ្គរដ្ឋទូតម្នាក់ និងផ្តល់ជាមូលនិធិផ្ទាល់ខ្លួនខ្លះៗដើម្បីជួយផ្គត់ផ្គង់ដល់ក្មេងៗទាំងនោះ។

គេហៅគាត់ថា « Kids Champion» នៅអង្គការនោះ ដោយសារគាត់បានជួយបង្រៀនឥតគិតថ្លៃទាក់ទង់នឹង ការហាត់ប្រាណ ក៏ដូចជាក្បាច់ការពារខ្លួនផងដែរ។

គាត់និយាយថា៖ «ខ្ញុំកោតសរសើរ ដែលអង្គការ Awareness Cambodia ខិតខំធ្វើគ្រប់យ៉ាងដើម្បីជួយដល់ក្មេងៗទាំងនោះ។ ពេលខ្លះខ្ញុំទៅលេងពួកគាត់ ខ្ញុំយកម្ហូបអាហារ ទិញសម្ភារៈខ្លះៗ ហើយខ្ញុំឲ្យប្រាក់ខ្លះដែលខ្ញុំបានពីការឈ្នះប្រកួតខ្ញុំទៅជួយដែរ»។

Onyedikachi មិនត្រឹមតែតំណាងឲ្យកម្ពុជា និងប្រទេសកំណើតនេស្សេរីយ៉ារបស់ខ្លួននោះទេ គាត់ក៏ជាវីរបុរសក្នុងចិត្តក្មេងៗជាច្រើនផងដែរ។

តាមរយៈអង្គការនេះ គាត់មានឱកាសចែករំលែកបទពិសោធន៍ទៅលើការថែទាំសុខភាព ការអប់រំ និងកម្មវិធីការវិវឌ្ឍន៍របស់កុមារតាមបណ្តាខេត្តក្រីក្រនានា។

អ្នកប្រដាល់កម្លាំងខ្លាំងរូបនេះ មានភាពជិតស្និតខ្លាំងជាមួយបុគ្គលិកអង្គការ ព្រមទាំងក្មេងៗដែលពួកគេបានជួយផងដែរ។

«ពួកគាត់ស្រលាញ់ខ្ញុំណាស់! គាត់សប្បាយថតរូបជាមួយខ្ញុំ ហើយខ្ញុំគិតថាការអធិដ្ឋានរបស់ពួកគាត់ជួយខ្ញុំបានច្រើន។ គ្រប់ពេលខ្ញុំត្រូវឡើងប្រកួត ពួកគាត់ហៅខ្ញុំមក យើងអធិដ្ឋានជាមួយគ្នា ហើយពួកគាត់ក៏ជួយអធិដ្ឋានឲ្យខ្ញុំរហូតដែរ»។

«វាជម្រុយទឹកចិត្តខ្ញុំជាងមុន។ មិនមែនជាការដាក់សម្ពាធអ្វីទេ ប៉ុន្តែវាជួយស្មារតីខ្ញុំទៅវិញ។ ពេលខ្ញុំឈានជើងចូលសង្វៀន ខ្ញុំដឹងខ្លួនឯងថាធ្វើនេះដើម្បីអ្វី។ ដឹងថាមិនមែនធ្វើសម្រាប់តែខ្លួនឯងនោះទេ តែក៏សម្រាប់មនុស្សជាច្រើនទៀតដែលមើលគន្លងខ្ញុំ»។

Onyedikachi មិនទាន់មានដំណឹងថាត្រូវចូលទ្រុងម្តងទៀតពេលណាឡើយ ប៉ុន្តែសង្ឃឹមថាបានប្រកួតនៅខែពីរឬខែបីដើមឆ្នាំ ២០១៩នេះ។

ពេលបានដំណឹងហើយ គាត់ដឹងខ្លួនថាគាត់នឹងទទួលបានការគាំទ្រពេញទំហឹងពីក្មេងៗដែលគាត់ព្យាយាមជួយផងដែរ។

«ខ្ញុំនឹងធ្វើឲ្យគាត់មានមោទនភាពដោយសារខ្ញុំ! ខ្ញុំចង់ឲ្យពួកគាត់ជឿលើខ្លួនឯងថា បើគ្រូគាត់អាចធ្វើបាន គាត់ក៏អាចធ្វើវអ្វីខ្លួនចង់បានក្នុងជីវិតដូចគ្នាដែរ»។

 

អត្ថបទ៖ Matias Andres

Leave a Reply