នៅ ស្រីពៅ មានគម្រោងធំសម្រាប់ ២០១៩ អាចមានឱកាសប្រកួតនៅONE Championship

២០១៩ ប្រហែលជាឆ្នាំជោគជ័យខ្លាំងសម្រាប់កីឡាការិនី នៅ ស្រីពៅ ប្រចាំក្លឹប Cambodian Top Team ដោយឆ្នាំនេះនាងតាំងចិត្តយកមេដាយនៅការប្រកួតកីឡារស៊ីហ្គេម ក៏ដូចជាសម្លឹងមើលឱកាសដើម្បីបានបញ្ចេញស្នាដៃនៅលើសង្វៀនក្បាច់គុនធំជាងគេ ONE Championship

កីឡាការិនីវ័យ ២២ឆ្នាំរូបនេះ មានឆន្ទៈសាងស្នាដៃបន្ថែមពីលើសម្មិតផលកាលពីឆ្នាំ ២០១៨កន្លងទៅថែមទៀត ដែលថ្មីៗនេះនាងបានក្លាយជាជើងឯក WKKIFម្នាក់។

ម្យ៉ាងទៀត នាងក៏ត្រូវបានជាប់ឈ្មោះជា អ្នកប្រយុទ្ធនារីប្រចាំឆ្នាំ ពីកម្មវិធីប្រកួតនៅប្រទេសភូមា World Lethwei Championship (WLC) ដ៏ភ្ញាក់ផ្អើលផងដែរ។

នាងរៀបរាប់ពីអារម្មណ៍ថា៖ «ពេលខ្ញុំឃើញពត៌មានភ្លាម និយាយពីរំភើបខ្លាំងមែនទែន! មិនគួរឲ្យជឿតែម្តង។ ខ្ញុំមិននឹកស្មានថាប្រទេសខាងមីយ៉ាន់ម៉ា គេឲ្យតម្លៃយើងដល់ថ្នាក់ហ្នឹងសោះ ព្រោះអីនៅស្រុកខ្មែរយើង គេមិនសូវឲ្យតម្លៃស្រីខ្មែរដូចគេទេ។»

ស្រីពៅ មានកំណើតនៅទីក្រុងភ្នំពេញ ប៉ុន្តែត្រូវឈប់ពីការសិក្សាប្រហែល ៦ឆ្នាំមុនមកម្ល៉េះ ហើយដាក់ខ្លួនប្រឡូកក្នុងវិស័យក្បាច់គុនអាជីពវិញ។ ចាប់តាំងពីពេលនោះមក នាងបានឡើងប្រកួតជាហូហែជាង ៤០ប្រកួតសម្រាប់ប្រដាល់គុនខ្មែរ និងក្បាច់ Lethwei របស់ភូមាផងដែរ។

ពេលចាប់ផ្តើមឡើងប្រកួតលើសង្វៀនដំបូងបំផុត នាងបានយកឈ្នះ ៦ដងជាប់ៗគ្នា។ តាមពិតទៅ មុននឹងក្លាយជាអ្នកប្រដាល់ឆ្នើមមួយរូបដូចបច្ចុប្បន្ន មិនមែនជាអ្វីដែលនាងប្រាថ្នាពីក្មេងវ័យនោះទេ។

ដំណើរជីវិតចាប់យកអាជីពជាអ្នកប្រដាល់ ចាប់ផ្តើមពេលនាងមានអាយុ ១៦ឆ្នាំ។ នាងអង្គុយមើលការប្រកួតក្បាច់គុនមួយ ដែលកាលនោះផ្លាស់ប្តូរជីវិតនាងមកដល់សព្វថ្ងៃ។

ស្រីពៅ រំលឹក៖ «បងប្រុសខ្ញុំ នៅ ស៊ីថា គាត់ជាអ្នកប្រដាល់ដែរ កាលនោះគាត់ឡើងប្រដាល់ ហើយវាយចាញ់គេ។ ខ្ញុំឃើញអីចឹងខ្ញុំខឹងណាស់ ហើយខ្ញុំប្រាប់ខ្លួនឯងថា៖ ចាំមើលណា៎ ខ្ញុំទៅហាត់ដែរ ហើយខ្ញុំប្រកួតមិនឲ្យចាញ់គេទេ»។

ស្រី ពៅ ឥឡូវនេះកំពុងទទួលបានការគាំទ្រច្រើន និងក្លាយជាអ្នកប្រដាល់ស្រីដែលមិនមានអ្នកណាហ៊ានមើលស្រាលឡើយ។

ប្រសិនបើនាងបន្តហ្វឹកហាត់ខ្លាំង និងទទួលបានជ័យជម្នះជាបន្តបន្ទាប់ទៀត នោះមើលទៅនឹងមានឱកាសឈ្នះមេដាយមាស សម្រាប់ការប្រកួតប្រចាំអាស៊ី Southeast Asian Games ឆ្នាំ ២០១៩ ខាងមុខ តំណាងឲ្យកម្ពុជា។

«ខ្ញុំឥឡូវកំពុងត្រៀមខ្លួនចូលប្រកួតនៅកីឡាស៊ីហ្គេម ខែមីនានៅប្រទេសហ្វីលីពីន។ ខ្ញុំចង់យកឲ្យបានមេដាយមួយ យ៉ាងហោចណាស់ ក៏ប្រាក់ ឬសំរឹទដែរ»។

ក្នុងវ័យ ២២ឆ្នាំនេះ នាងធ្វើការប៉ាន់ស្មានសម្រាប់ឆ្នាំថ្មី ២០១៩ ថានាងប្រាកដជាមានជោគជ័យខ្លាំងជាងឆ្នាំចាស់ទៅទៀត។ បើនិយាយពីកម្លាំងខ្លាំងមាំមួន បូករួមជាមួយស្មារតីរឹងប៉ឹងរបស់នាង អនាគតទៅថ្ងៃមុខពិតជាមិនអាចនិយាយបានឡើយ។

ស្រីពៅ រៀបរាប់ថា៖ «ខ្ញុំគិតថា ២០១៩ ខ្ញុំអាចបានល្បីខ្លាំងជាងឆ្នាំ ២០១៨ទៅទៀត។ ខ្ញុំបានដាក់ចិត្តប្រដាល់ហើយ អីចឹងខ្ញុំចង់ប្រកួតឲ្យបានគ្រប់វិញ្ញាសារទាំងអស់»។

«ខ្ញុំប្រាប់ខ្លួនឯងថាមិនឈប់ពាក់កណ្តាលផ្លូវដាច់ខាត។ និយាយទៅនឹងធ្វើយ៉ាងណាឲ្យសម្រេចគោលដៅរបស់ខ្ញុំឲ្យបានគេស្គាល់ខ្ញុំច្រើន និងគោរពទទួលស្គាល់ខ្ញុំ»។

នេះជាអំឡុងពេលផ្លែផ្កាល្អណាស់សម្រាប់ ស្រីពៅ ដោយសារនាងកំពុងបង្ហាញខ្លួនផុសផុលក្នុងចលនាអ្នកប្រយុទ្ធនារីម្នាក់ដែរ ហើយបោះជំហានទៅមុខនាឆ្នាំនេះជាមួយស្នាដៃជាច្រើន ជាមួយជំនឿចិត្តខ្ពស់។

នាងមិនត្រឹមតែព្យាយាមកសាងជោគជ័យក្នុងជិវីតខ្លួនឯងឲ្យបានប្រសើរនោះទេ ប៉ុន្តែស្រីពៅ ក៏ចង់ជម្រុញទឹកចិត្តស្រ្តីខ្មែរទូទាំងផ្ទៃប្រទេសផងដែរ ឲ្យហ៊ានប្រើប្រាស់សមត្ថភាពរបស់ខ្លួន និងពុះពារចាប់យកក្តីស្រម៉ៃរបស់ខ្លួនឲ្យបាន។

«ជោគជ័យដល់កំរឹតនេះ សម្រាប់ខ្ញុំមិនទាន់គ្រប់គ្រាន់ទេ។ ខ្ញុំចង់បង្ហាញពិភពលោកថាស្រីខ្មែរក៏ខ្លាំងដូចគេដែរ ហើយខ្ញុំចង់ប្រាប់ស្រីៗទាំងអស់គ្នាថា កុំខ្លាច កុំខ្មាសអៀន បើចង់ហាត់ប្រដាល់ ឬធ្វើអ្វីក៏ដោយ។ មនុស្សស្រីក៏ធ្វើបានដូចគ្នា»។

 

អត្ថបទ៖ Matias Andres

Leave a Reply