ថៃ រិទ្ធី កីឡាករប្រចាំCambodian Top Team ត្រៀមឡើងសង្វៀនធំ ONE: ETERNAL GLORY នៅក្រុងចាកាតា

 

ONE Championship កំពុងរៀបចំព្រឹត្តិការណ៍បើកឆាកប្រដាល់ដើមឆ្នាំ ២០១៩ កម្មវិធី ONE: ETERNAL GLORY ដែលនឹងប្រព្រឹត្តទៅនៅឯទីក្រុងចាកាតា ល្ងាចថ្ងៃសៅរ៍ ទី១៩ ខែ មករា។

ថ្ងៃនេះ ស្ថាប័នប្រដាល់ដ៏ធំជាងគេ ONE បានបង្ហាញមុខគូប្រកួតជើងខ្លាំងចំនួន ៣គូរថែមទៀត ចូលក្នុងតារាងនៅឥណ្ឌូនេស៊ីនេះ ក្នុងនោះមានវត្តមានកីឡាករឆ្នើមខាងគុនចម្រុះរបស់ក្លឹប Cambodian Top Team ថៃ រិទ្ធី ដែលត្រូវប៉ះជាមួយជើងខ្លាំងពីរសាសន៍ Anthony Engelen។

កីឡាករវ័យក្មេង ១៩ឆ្នាំរូបនេះ មិនបានចូលប្រកួតគុនចម្រុះអស់ពេលមួួយឆ្នាំមកហើយ តែយ៉ាងណាគេមានបំណងបន្ថែមកំណត់ត្រានៅ ONE Championship របស់ខ្លួនទៀតដោយពីមុនធ្លាប់ឈ្នះ ១ដង និង ចាញ់ ១ដង កាលពីចុងឆ្នាំ ២០១៧។

លើកនេះ ថៃ រិទ្ធី នឹងធ្វើដំណើរទៅប្រកួតនៅទីក្រុងចាកាតាម្តងទៀត គេធ្លាប់សាងស្នាដៃផ្តួលភាគី Jerome S. Paye ឲ្យសន្លប់ តែប្រមាណ ១៩ វិនាទីប៉ុណ្ណោះក្នុងទឹកទី១។

រិទ្ធី និយាយថា៖ «ពេលសំរាកក្រៅពីវាយនៅ ONE ខ្ញុំអត់ធ្វើអ្វីផ្សេងក្រៅពីហាតប្រដាល់ទេ។ នេះជាអាជីពរបស់ខ្ញុំតែម្តង! បើមិនវាយដាក់ទ្រុង ក៏ប្រដាល់សេរីដែរ។»

អ្នកលេងក្បាច់គុនវ័យក្មេងរូបនេះ ត្រូវបានគេស្គាល់ថាអង់អាចសម្រុកវាយគូប្រយុទ្ធមិនខ្លាចដៃ ប៉ុន្តែការប្រឈមមុខជាមួួយជើងចាស់ក្បាច់គុនវ័យ ៣៣ឆ្នាំខាងមុខនេះ មើលទៅមិនងាយទប់ទល់នោះឡើយ។

គួររំលឹកផងដែរថា ជើងឯកខ្សែក្រវាត់ IFC Lightweight Champion បានត្រលប់ចូលសង្វៀនវិញនាខែវិច្ឆិកាមុន និងបានធ្វើឲ្យកក្រើកព្រឹត្តិការណ៍ ONE: HEART OF THE LION ដោយបានផ្តួលមិត្តរួមក្រុម មាស ម៊ើ ឲ្យសន្លប់ស្តូក។

គ្រាន់តែឈ្នះមាស ម៊ើ ភ្លាមប្រាំបីថ្ងៃបន្ទាប់មក Engelen ឡើងប្រកួតមួួយទៀត ហើយបានយកឈ្នះគូប្រកួតខ្លួន Jimmy Yabo ម្នាក់ទៀតនៅព្រឹត្តិការណ៍ ONE: WARRIOR’S DREAM  ក្នុងទឹកទី១ ដដែល។

ថៃ រិទ្ធី មានការស្ញប់ស្ញែង និងទទួលស្គាល់ពីសមត្ថភាពជើងខ្លាំងមួយរូបនេះ ប៉ុន្តែខ្លួនក៏មានទំនុកចិត្តខ្ពស់លើស្នៀតប្រយុទ្ធខាងវាយឈរ និងចាប់បោកផងដែរ។

«មាស ម៊ើ និងខ្ញុំ ដូចបងប្អូនអីចឹង! ខ្ញុំចង់សងសឹកឲ្យគាត់ដែរ! តែខ្ញុំត្រូវប្រឹងហាត់ថែមទៀត។ ក្នុងកីឡារ យើងមិនអាចមើលងាយគូប្រកួតបានទេ ជាពិសេសវាយក្នុងទ្រុងហ្នឹងតែម្តង។ បើវាយអស់ខ្យល់ក៏គេចូលចាប់ក្លេរបានដែរ។»

«ខ្ញុំដឹងដែរថា Engelen គាត់ខ្លាំង តែខ្ញុំអត់ភ័យខ្លាចទេ ខ្ញុំមិនបាក់ទឹកចិត្តឡើយ ខ្ញុំមានតែខំហាត់បន្ថែមកាន់តែខ្លាំង»។

ក្នុងព្រឹត្តិការណ៍ ONE: ETERNAL GLORY នៅដើមឆ្នាំ២០១៩ គេបានបញ្ចេញឈ្មោះជើងឯកខ្លាំងៗ និងកីឡាករល្បីៗចំនួន ១៣គូ រួចមកហើយ សរុបទាំងគូរបស់ ថៃ រិទ្ធី ជាមួយ Engelen ដែរ ម្នាក់ៗត្រៀមបង្ហាញពិភពលោកពីក្បាច់គុនរៀងខ្លួនមានដូចជាប្រដាល់សេរី មួយថៃ និង ក្បាច់គុនចម្រុះជាដើម។  

សម្រាប់គូប្រកួតសំខាន់ក្នុងព្រឹត្តិការណ៍ល្ងាចនោះ គឺការដណ្តើមខ្សែក្រវាត់ ONE Strawweight World Championship រវាងជើងឯក Joshua “The Passion” Pacio ប៉ះគ្នាសារជាថ្មីជាមួយ Hayato Suzuk។

អត្ថបទ៖ Matias Andres

Leave a Reply